ព័ត៌មានជាតិ

កូវីដ-១៩ ! ក្រសួងមហាផ្ទៃ- ក្រសួងយុត្តិធម៌ កំពុងពិនិត្យ ស្ថានភាពអ្នកជាប់ឃុំ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ និង ក្រសួងយុត្តិធម៌ កំពុងសហការគ្នា ពិនិត្យស្ថានភាព អ្នកជាប់ឃុំថា តើគួរដោះលែង ឬអនុញ្ញាតឱ្យនៅក្រៅឃុំ ចំពោះបទល្មើសស្រាលៗ និងអ្នកជិតរួចទោស ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក សម្ដេច ស ខេង។

ការលើកឡើងរបស់ សម្ដេច ក្រោយពីលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិថ្មី ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចង់ស្វែងយល់បន្ថែមអំពីវិធានការនានា របស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Vitit Muntarbhorn នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេច ស ខេង ឆ្លើយតបវិញថា រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ ដោយដាក់ចេញនូវយន្តការ និងវិធានការមួយចំនួន ជាបន្តបន្ទាប់រហូតដល់ពេលនេះ។

សម្ដេច មានប្រសាសន៍ថា «ជាក់ស្ដែងក្រៅតែពីការខិតខំបន្តកសាង និងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃកំពុងអនុវត្តវិធានការ មួយចំនួនទៀត ដើម្បីបន្ធូរបន្ថយភាពចង្អៀតណែន ក្នុងស្ថានភាពកូវីដ-១៩ ក្នុងនោះ ក្រសួងមហាផ្ទៃកំពុងសហការជាមួយ ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យស្ថានភាពអ្នកជាប់ឃុំថា តើគួរតែអនុវត្តនូវការដោះលែង ឬក៏អនុញ្ញាតឱ្យនៅក្រៅឃុំទៅ បទល្មើសស្រាលៗមួយចំនួន ដូចជា អ្នកទោសជិត រួចទោស និងអ្នកដែលប្រព្រឹត្តទបល្មើសស្រាល តាមរយការដាក់ឱ្យនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យ ដោយតុលាការ»។

សម្ដេច បន្ដថា ក្រសួងមហាផ្ទៃ ក៏បាននិងកំពុងសហការគ្នា យ៉ាងល្អជាមួយ ក្រសួងសុខាភិបាល ដើម្បីជំរុញការព្យាបាលឱ្យទាន់ពេលវេលា ចំពោះរាល់ករណីដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ក្នុងពន្ធនាគារ និងបានសហការ ក្នុងការចាក់វ៉ាក់សាំងដល់មន្រ្តីពន្ធនាគារ និងអ្នកជាប់ឃុំ។

ចំពោះលំហរប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់ NGOs សម្ដេច ស ខេង លើកឡើងថា រាជរដ្ឋាភិបាល តែងតែចាត់ទុកសង្គមស៊ីវិលជាដៃគូ និងបានធ្វើការជាមួយគ្នាជាច្រើននាពេលកន្លង ជាពិសេស ទៅលើសំណើ ធ្វើកំណែទម្រង់ច្បាប់ NGOsនេះ។

ជាការឆ្លើយតប លោក Vitit Muntarbhorn បានថ្លែងអំណរគុណ សម្ដេច ស ខេង ចំពោះកិច្ចសន្ទនា និងការផ្ដល់ជូន ព័ត៌មានដ៏មានសារៈសំខាន់។ លោកចាត់ទុក ព័ត៌មានទាំងនេះ ជាមូលដ្ឋានដ៏សំខាន់បន្ថែមសម្រាប់ លោក ជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នាអាណត្តិថ្មីនេះ ៕

To Top