ព័ត៌មានជាតិ

កម្ពុជា ប្រកាសរកឃើញវត្តមាន សត្វឈ្លូសយក្ស ជាលើកដំបូង ក្នុងតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វ «ឈ្លូសយក្ស» ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់ IUCN ហើយត្រូវបានរកឃើញជាលើកដំបូង ក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញ បានរកឃើញលើកដំបូង នៅឆ្នាំ១៩៩៤ ក្នុងប្រទេសវៀតណាម និងឡាវ នៅតាមជួរភ្នំអាណាម ដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានរៀបរាប់ថា នេះដោយឈរលើទិន្នន័យរូប ភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗ នៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។

លោក បន្ដថា នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្ររង គ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅ ក្នុងប្រទេសកម្ពុជា និងបានថ្លែងកោតសរសេរចំពោះ ក្រុមមន្រ្តីក្រសួងបរិស្ថាន ប្រជាសហគមន៍ដែលបានរួមគ្នាចុះសិក្សាស្រាវជ្រាវប្រភេទសត្វព្រៃ នៅក្នុងឧទ្យានជាតិវីរៈ ជ័យដែលបានបានលះបង់កម្លាំងកាយចិត្តក្នុង ការធ្វើដំណើរដ៏លំបាកក្នុងព្រៃដើម្បីបំពេញការងាររបស់ខ្លួន។

លោក បន្ថែមថា លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ពិតជាមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះ និងអ្នកបរិស្ថានហើយចាំបាច់ទាំងអស់គ្នាត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះឱ្យបានគង់វង្ស ក្នុងព្រៃកម្ពុជា។

សូមរំលឹកថា ឈ្លូសយក្ស និងសត្វឈ្លូសធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមានវត្តមានស្ទើរតែនៅទូទាំងប្រទេសកម្ពុជា ត្រង់ចំណុច៣សំខាន់៖ ទី១-ស្នែងសត្វឈ្លូសយក្សមានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា ,ទី២-កន្ទុយរបស់សត្វឈ្លូសយក្សមានប្រវែងខ្លីជាង (ប្រហែល១/៣) កន្ទុយរបស់សត្វឈ្លូសធម្មតា ហើយកន្ទុយនោះមានរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម និងទី៣-ថ្ងាសរបស់សត្វឈ្លូសយក្សញី មានពណ៌ក្រម៉ៅ (ស្ទើរតែខ្មៅតែម្តង) ជាងថ្ងាសឈ្លូសធម្មតា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top