Covid-19

មេសិទ្ធិមនុស្សកម្ពុជា ស្នើឲ្យអ្នករាយការណ៍ថ្មីរបស់ UN ធ្វើរបាយការណ៍ និងផ្ដល់អនុសាសន៍ ប្រកបដោយតុល្យភាព ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យ អ្នករាយការណ៍ពិសេសថ្មី របស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន ត្រូវធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ប្រកបដោយតុល្យភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបពិភាក្សាការងាររវាង លោក កែវ រ៉េមី និងលោក វីទិត មុនតាប៊ន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈ ក្នុងការបន្តកិច្ចសហការ និងកិច្ចសន្ទនាគ្នាលើវិស័យសិទ្ធិមនុស្ស។

ជាមួយគ្នានេះ លោក កែវ រ៉េមី បានបញ្ជាក់យ៉ាងដូច្នេះថា «ស្នើឲ្យអ្នករាយការណ៍ពិសេស ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ប្រកបដោយតុល្យភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងត្រូវផ្អែកលើបរិបទរបស់កម្ពុជា»។

លោក បន្ដថា ចំពោះវឌ្ឍនភាពការងារ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍សិទ្ធិមនុស្ស ជូនអង្គការសហប្រជាជាតិ ,ការងារជំនួយផ្នែកច្បាប់ និងដោះស្រាយបណ្តឹងពលរដ្ឋ ,ការងារត្រួតពិនិត្យស្ថានភាព សិទ្ធិមនុស្សអ្នកជាប់ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។

ចំពោះវិធានការច្បាប់ និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩ លោក កែវ រ៉េមី បានធ្វើការឆ្លើយបំភ្លឺ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការដាក់ចេញវិធានការចាំបាច់នានា ក្នុងគោលដៅការពារអាយុជីវិត និងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជា ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ដែលរងផលប៉ះពាល់ពីកូវីដ-១៩។

ដោយឡែក លំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល លោក កែវ រ៉េមី លើកឡើងថា បានធ្វើការបង្ហាញពីវឌ្ឍនភាព នៃដំណើការទទួលពិនិត្យសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល រួមទាំង ការបង្កើតនិងធ្វើសកម្មភាពដោយសេរីរបស់បក្សនយោបាយ និងសង្គមស៊ីវីល ដែលត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់ ហើយវិធានការច្បាប់លើបក្សនយោបាយ សង្គមស៊ីវីល និងសកម្មជនមួយចំនួន ដែលបំពានច្បាប់នាពេលកន្លងមក មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញជាការអនុវត្តនីតិរដ្ឋ៕

To Top