ភ្នំពេញ៖ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងក្នុងនាមបារាំងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅក្នុងឆមាសទី១ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង បានប្ដេជ្ញានឹងធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ។
ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអបអរសាទរលោកស្រីទូត ដែលត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបារាំង និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្ម សម្រាប់សកម្មភាពវប្បធម៌បារាំងនៅក្រៅប្រទេស ។

លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលដ៏ល្អ ប្រសើររបស់ លោកស្រីឯកអគ្គរដ្ឋទូត ក្នុងការចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ក៏ដូចជាការអភិវឌ្ឍនៅកម្ពុជា ក្នុងវិស័យជាច្រើនរួមមាន ពាណិជ្ជកម្ម អប់រំ សុខាភិបាល វប្បធម៌ ការពារជាតិ យុត្តិធម៌ ទឹកស្អាត ថាមពល កសិកម្ម និងអភិវឌ្ឍជនបទ ជាដើម។

លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឧបនាយករដ្ឋមន្ត្រី ផ្ទាល់ ក៏ដូចជាក្រសួង ការបរទេស និងស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ការគាំទ្រ និងជួយសម្រួល យ៉ាងពេញទំហឹងដល់បេសកម្មការទូត របស់លោកស្រី នាពេលកន្លងមក។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការត្រៀមខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ និង ការធ្វើជាប្រធានអាស៊ាន នាឆ្នាំ២០២២ ខាងមុខនេះ។ ជាកិច្ចឆ្លើយតប លោកស្រីទូត បានជម្រាបជូនថា ថ្នាក់ដឹកនាំបារាំងមានបំណង អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នៅកម្ពុជា។
ទន្ទឹមនេះ លោកស្រីទូត ក៏បានជម្រាបជូនផងដែរថា ប្រទេសបារាំងនឹងធ្វើជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ចាប់ពីខែមករា ដល់ចុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ក្រសួងបញ្ជាក់ថា «ក្នុងន័យនេះ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងក្នុងនាមបារាំងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅក្នុងឆមាសទី១ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានយល់ស្របគ្នា ថានឹងធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងអង្គការតំបន់ទាំងពីរ» ។
កិច្ចសន្ទនាបានប្រព្រឹត្តទៅ ក្នុងបរិយាកាសមិត្តភាពកក់ក្តៅក្រៃលែង ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព ជាយូរលង់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ៕
