ព័ត៌មានជាតិ

W B អនុម័តកញ្ចប់ឥណទាន២០០ លានដុល្លារ ស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យរើបឡើងវិញ (Video)

ភ្នំពេញ ៖ ដោយសារមើលឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញនោះបានធ្វើឲ្យក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក (World Bank) អនុម័តកញ្ចប់ឥណទានមានតម្លៃទឹកប្រាក់ចំនួន២០០លានដុល្លាររបស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីជួយបន្ថែមទៀត។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោងនេះរៀបចំគោលនយោបាយហិរញ្ញប្បទាន ដើម្បីជួយសង្គ្រោះការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា។ គម្រោងនេះនឹងជួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងចំគោលដៅសម្រាប់ពលរដ្ឋងាយរងគ្រោះ , ការសម្រួលឲ្យសេដ្ឋកិច្ចរើបឡើងវិញដោយស្វាហាប់តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ទៅ នឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត ។

ធនាគារពិភពលោក បន្ថែមថា កម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គមដែលមិនធ្លាប់មាន។ ជាលើកដំបូងហើយ ក្នុងរយៈពេល៣០ឆ្នាំដែលសេដ្ឋកិច្ចនៃប្រទេសនេះក្នុងឆ្នាំ២០២០ បានរួញទំហំអស់ ៣,១ភាគរយ ហើយពេលនេះ កម្ពុជាកំពុងស្ថិតនៅកណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ-១៩ ចាប់តាំងពីមានការផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។ វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុត រួមមាន ផ្នែកកាត់ដេរ ទេសចរណ៍ និងសំណង់ ហើយវិស័យទាំងនេះសុទ្ធតែបានផ្តល់ការងារច្រើនជាងគេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈមសម្រាប់ការស្តារសេដ្ឋកិច្ចឲ្យមាននិរន្តភាពឡើងវិញ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «ច្បាស់ណាស់ ប្រទេសកម្ពុជាពិតជាត្រូវការធនធានដែលអាចយកទៅបញ្ចេញឲ្យបានរហ័សសម្រាប់ទ្រទ្រង់ដល់កម្មវិធីគ្រប់ជ្រុងជ្រោយមួយរបស់រដ្ឋាភិបាល ដើម្បីការពារជនក្រីក្របំផុតពីផលប៉ះទង្គិចរបស់វិបត្តិនេះ និងដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសឱ្យងើបឡើងវិញ»។

លោកស្រីបន្ដថា គម្រោងនេះ ជាផ្នែកស្នូលមួយនៃអន្តរាគមន៍ទូលំទូលាយមួយរបស់ធនាគារពិភពលោកក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ហើយក៏ជាផ្នែកមួយនៃកញ្ចប់ប្រតិបត្តិការទ្រទ្រង់ថវិកាពីសំណាក់ដៃគូអភិវឌ្ឍន៍មួយចំនួនរបស់កម្ពុជា ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) , សហភាពអឺរ៉ុប (EU) និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

សូមរំលឹកថា ចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដ-១៩មក ធនាគារពិភពលោកបានសន្យាផ្តល់ជំនួយជាង១២៥ប៊ីលានដុល្លារសម្រាប់ការទប់ទល់ទៅនឹងផលប៉ះទង្គិចរបស់ជំងឺរាតត្បាតនេះមកលើផ្នែកសុខាភិបាល សេដ្ឋកិច្ច និងសង្គម ហើយវិធានការឆ្លើយតបវិបត្តិនេះមានភាពរហ័សរហួន និងទំហំធំធេងមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រទេ។ ហិរញ្ញប្បទាននេះកំពុងជួយដល់ប្រទេសចំនួនជាង១០០ ឲ្យពង្រឹងការត្រៀមខ្លួនប្រយុទ្ធនឹងការរាតត្បាតជំងឺ ក្នុងកិច្ចគាំពារជនក្រីក្រ និងការងារ និងក្នុងការចាប់ផ្តើមស្តារឡើងវិញក្នុងសភាពមួយដែលមានមេត្រីភាពសម្រាប់អាកាសធាតុ។

លើសពីនេះ ធនាគារពិភពលោក ក៏កំពុងផ្តល់ហិរញ្ញប្បទានចំនួនទឹកប្រាក់ ១២ប៊ីលានដុល្លារផ្សេងទៀតដល់បណ្តាប្រទេសមានចំណូលទាបមធ្យម សម្រាប់យកទៅទិញ និងបែងចែកថ្នាំវ៉ាក់សាំង បរិក្ខារធ្វើតេស្ត និងការព្យាបាលជំងឺកូវីដ១៩ផងដែរ ៕

To Top