ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនឲ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការធ្វើចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែននានា និងការពង្រឹងវិធានការដ្ឋបាល ចាំបាច់នានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ក្នុងសហគមន៍។
តាមលិខិតរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ដោយផ្អែកតាមសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta មានវត្តមាននៅកម្ពុជា តាមរយៈការនាំចូលពីតាមបណ្តាច្រកព្រំដែននានា និងដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta នេះ ចូលក្នុងសហគមន៍ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើការណែនាំ ដូចជា ៖
ទី១-អនុវត្តវិធានការធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កមាត់ច្រកព្រំដែន ចំពោះអ្នកដំណើរទាំងអស់ ដែលធ្វើដំណើរឆ្លងចូលមកក្នុងប្រទេសកម្ពុជា ដោយមិនធ្វើការដឹកជញ្ជូនបន្ត ដើម្បីយកទៅធ្វើចត្តាឡីស័ក នៅតាមភូមិ ឃុំទៀតទេ។
ទី២-បង្កើនការពង្រឹងការគ្រប់គ្រងច្រកព្រំដែន ជាពិសេស ច្រករបៀង ចៀសវាងការជ្រៀតឆ្លងព្រំដែនចូល មកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ដែលបង្កហានិភ័យក្នុងការចម្លងមេរោគបំប្លែងខ្លួនថ្មី ចូលក្នុងសហគមន៍។
និងទី៣-ពង្រឹងការអនុវត្តវិធានការ ទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុខាភិបាល សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ នូវខ្សែរយៈចម្លងនៃមេរោគកូវីដ-១៩ ប្រភេទថ្មីនេះ នៅតាមមូលដ្ឋានដែលត្រូវបានរកឃើញអ្នកដែលបានឆ្លងជំងឺនេះ៕