ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រសុខាភិបាល និងអ្នកបច្ចេកទេសសុនខ ប្ដេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា សំដៅប្រយុទ្ធប្រឆាំងកូវីដ១៩ នៅកម្ពុជា។
សូមជម្រាបថា ក្រោយពីបានទទួលគំនិតផ្តួចផ្តើម ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខហិតវីរុសកូវីដ-១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រួចមក អង្គភាពស៊ីម៉ាក់ បានរៀបចំអាគារ បន្ទប់ ទីលានហ្វឹកហ្វឺន មានលក្ខណៈពិសេស សម្រាប់បំរើឲ្យការស្រាវជ្រាវ និងអភិវ្ឍន៍សុនខជំនាញហិតវីរុសកូវីដ នេះ ក្នុងនោះ ក៏ជ្រើសរើសបេក្ខភាពសុនខ ចំនួន១០ក្បាល អ្នកកាន់សុនខ ចំនួន១០នាក់ គ្រូបង្វឹក និងសំភារៈមួយចំនួន ដើម្បីគាំទ្រការដំណើរការនេះ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោក ហេង រតនា បានបញ្ជាក់ថា នាពេលថ្មីៗនេះ នៅមណ្ឌលសុនខអង្គភាពស៊ីម៉ាក់កំពង់ឆ្នាំង លោកចុះពិនិត្យសកម្មភាពត្រៀម បំរុងហ្វឹកហ្វឺនបំពាក់ជំនាញសុនខហិត អ្នកផ្ទុកវីរុសកូវីដ រួមមាន បរិវេណអាគារ និងបន្ទប់ហ្វឹកហ្វឺនសុនខ ជាដើម។ ទន្ទឹងនឹងនេះ ក៏បានកចងក្រងឯកសារ នីតិវិធី ប្រតិបត្តិការ ការសិក្សាស្រាវជ្រាវ ហ្វឹកហ្វឺន និងការអនុវត្តសាកល្បង ការសិក្សាវិភាគទិដ្ឋន័យ ប្រពន្ធ័វាយតំលៃសមត្ថភាព និងប្រសិទ្ធភាពសុនខ ជាដើម។
លោក បន្ដថា នេះធាតុទន់យ៉ាងសំខាន់ ដើម្បីកំណត់កត្តាជោគជ័យ នៃការងារស្រាវជ្រាវ និងអភិវឌ្ឍន៍។ ជាមួយនេះដែរ ក៏បានសហការជាមួយ ក្រសួងសុខាភិបាល និងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំនីតិវិធីមួយចំនួនហើយ ខាងអ្នកវិទ្យាសាស្ត្រសុខាភិបាល ក៏បានខិតខំប្រឹងប្រែងបញ្ចប់ ពិធីសាបច្ចេកទេសមួយចំនួន ដើម្បីយកក្លិនពីអ្នកជំងឺប្រកបដោយសុវត្ថិភាព និងប្រកបដោយក្របសីលធម៌វិជ្ជាជីវៈ។
លោក បញ្ជាក់យ៉ាងដូច្នេះថា «ជាមួយបទពិសោធន៍ ក្នុងការប្រើប្រាស់ និងហ្វឹកហ្វឺនសុនខ ព្រមទាំង ការប្តេជ្ញាចិត្តខ្ពស់របស់ អ្នកវិទ្យាសាស្ត្រសុខាភិបាល និងអ្នកបច្ចេកទេសសុនខ ដែលបានធ្វើឲ្យការស្រាវជ្រាវ និងអភិវឌ្ឍន៍នេះកំពុងដំណើរការ ទៅមុខបានឆាប់រហ័សទាន់ពេលវេលា និងធ្វើដំណើតំរង់សំដៅទៅរកក្តីសង្ឃឹមរបស់យើង គឺមានសុនខប្រយុទ្ធប្រឆាំងកូវីដ-១៩នៅកម្ពុជា»។
លោក ហេង រតនា ក៏បានរៀបរាប់ទៀតថា អង្គភាពស៊ីម៉ាក់ ក៏បានទទួលជំនួយពីក្រុមហ៊ុនស្វីស នូវឧបករណ៍ចាប់ក្លិនអ្នកជំងឺផ្ទុកវីរុសកូវីដ-១៩ ហើយថ្មីៗនេះ ខាងសុខាភិបាល បានចាប់ផ្តើមអនុវត្តយកឧបករណ៍នោះទៅចាប់ក្លិនពីអ្នកជំងឺកូវីដ-១៩ និងបន្តពិនិត្យបញ្ជាក់គ្មានហានិភ័យ វីរុសកូវីដលើឧបករណ៍ ដើម្បីបំរើឲ្យការស្រាវជ្រាវ និងហ្វឹកហ្វឺននេះគ្មានប៉ះពាល់ ហានិភ័យឆ្លងកូវីដឡើយ៕