Covid-19

វិភាគ៖ វីរុស Covid-19 បម្លែងខ្លួនថ្មី Delta កំពុងវាយលុក តំបន់អឺរ៉ុប

បច្ចុប្បន្នភាព

​វីរុសCovid-19 បម្លែងខ្លួនថ្មីប្រភេទ Delta ដែលត្រូវបានរកឃើញ នៅប្រទេសឥណ្ឌា ក្នុងអឡុងខែតុលា ឆ្នាំ២០២០កន្លងតៅ កំពុងវាយលុកក្នុងល្បឿនលឿន នៅតាមបណ្តាប្រទេស ក្នុងសហភាពអឺរ៉ុប និងនៅទូទាំងពិភពលោក ។

វីរុសCovid-19បម្លែងខ្លួនថ្មី Delta បានឆ្លងរាលដាល ទៅកាន់ជាង ១០០ប្រទេស នៅលើពិភពលោក ហើយការឆ្លងវីរុសនេះប្រចាំថ្ងៃ កំពុងហក់ឡើងខ្ពស់ និងជំរុញអោយមានក្តីបារម្ភកាន់តែខ្លាំង អំពីផលប៉ះពាល់សុខភាពសាធារណៈ ជាលក្ខណៈសកល ។

សូមបញ្ជាក់ជូនថា វីរុសCovid-19បម្លែងខ្លួនថ្មី គឺជាវីរុស ដែលមានឥទ្ធិពលឆ្លងលឿន និងមានផលប៉ះពាល់ធ្ងន់ធ្ងរ ជាងវីរុសCovid-19 ដែលបានផ្ទុះឡើង នៅទីក្រុងអ៊ូហាន នៃខេត្ត ហ៊ូប៉ី ប្រទេសចិន និងត្រូវបានប្រកាសពីវត្តមាន នៃវីរុសនេះជាផ្លូវការ ដោយក្រុមអាជ្ញាធរសុខាភិបាលចិន កាលពីថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩កន្លងទៅ ។

បច្ចុប្បន្ននេះ មានវីរុសCovid-19 បម្លែងខ្លួនថ្មីចំនួន៥ប្រភេទ នៅលើពិភពលោក គឺ Delta និង Delta plus ត្រូវបានរកឃើញ នៅប្រទេសឥណ្ឌា Alpha នៅចក្រភពអង់គ្លេស Beta នៅអាហ្វ្រិកខាងត្បូង និង Gamma ត្រូវបានរកឃើញ នៅប្រទេសប្រេស៊ីល ។

ក្រុមអ្នកជំនាញ​ផ្នែកជំងឺឆ្លង នៅសហរដ្ឋអាមេរិក នៅអង់គ្លេស និងនៅប្រទេសឥណ្ឌា រួមទាំងអង្គការសុខភាពពិភពលោក បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះវីរុសCovid-19 បម្លែងខ្លួនថ្មីទាំង៥ប្រភេទនេះ ជាពិសេស គឺប្រភេទ Delta និង Delta plus ។

លោក Antony Fauci អ្នកជំនាញផ្នែកជំងឺឆ្លង និងជាទីប្រឹក្សាផ្នែកសុខភាព របស់សេតវិមានសហរដ្ឋអាមេរិក បាននិយាយថា Delta និង Delta plus គឺជាវីរុសCovid-19 បម្លែងខ្លួនថ្មី ដែលកាចសាហាវជាងគេ ក្នុងការឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត និងមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ជាងវីរុសCovid-19បម្លែងខ្លួនថ្មី នៅប្រទេសផ្សេងទៀត ។

លោក Antony Fauci បានបន្ថែមថា ក្តីសង្ឃឹមក្នុងការទប់ស្កាត់ ការឆ្លងរាលដាលវីរុសCovid-19បម្លែងខ្លួនថ្មី ទាំង៥ប្រភេទនេះ គឺមានតែការរឹតបន្តឹងវិធានការ និងការចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 ដល់ប្រជាពលរដ្ឋគ្រប់គ្នា ទើបអាចសម្រាលវិបត្តិសុខភាពនេះបាន ។

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ មានក្រុមហ៊ុន ចំនួន៤ក្រុមហ៊ុនហើយ នៅលើពិភពលោក ដែលបានអះអាង ពីប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួន ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលវីរុសCovid-19បម្លែងខ្លួនថ្មីទាំងអស់ ដែលកំពុងមានវត្តមាន បច្ចុប្បន្ននេះ ។

ក្រុមទាំង៤ ដែលបានបញ្ជាក់ពីប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួន ក្នុងការទប់ស្កាត់ការឆ្លងវីរុសCovid-19បម្លែងខ្លួនថ្មីនោះ គឺមានក្រុមរបស់ប្រទេសចិនទាំង២ គឺ Sinopharm និង Sinovac ក្រុមហ៊ុនអង់គ្លេស AstraZeneca និងក្រុមហ៊ុនអាមេរិក Pfizer ។

កាលពីថ្ងៃសៅរ៍ ទី២៦ ខែមិថុនានេះ អ្នកជំនាញផ្នែកឱសថសាស្ត្រ និងវេជ្ជសាស្ត្ររបស់ប្រទេសចិន បានបញ្ជាក់ថា វ៉ាក់សាំងបង្ការវីរុស Covid-19ប្រភេទ Sinopharm និងSinovac គឺមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការឆ្លងរាលដាល វីរុសCovid-19បម្លែងខ្លួនថ្មីបាន ។

នេះគឺជាលើដំបូងហើយ សម្រាប់ប្រទេសចិន ដែលបានអះអាងពីប្រសិទ្ធភាព នៃវ៉ាក់សាំងបង្ការវីរុសCovid-19របស់ខ្លួន ដែលអាចទប់ស្កាត់ការឆ្លងរាលដាល វីរុសCovid-19បម្លែងខ្លួនថ្មី ប៉ុន្តែអ្នកជំនាញមិនបានបង្ហាញ ពីអត្រានៃប្រសិទ្ធភាពនោះទេ ។

ចំណែកអ្នកជំនាញផ្នែកជំងឺឆ្លង របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបញ្ជាក់ថា ទាំងវ៉ាក់សាំង AstraZeneca និងPfizer គឺមានប្រសិទ្ធភាព ទប់ស្កាត់ការឆ្លងរាលដាលវីរុសវីរុសCovid-19បម្លែងខ្លួនថ្មី ប៉ុន្តែអត្រាភាគរយខុសៗគ្នា ។

អ្នកជំនាញដដែលបានបន្តថា បើចាក់វ៉ាក់សាំង AstraZeneca និងPfizer ១ដូស អាចទប់ស្កាត់ការឆ្លងវីរុសCovid-19បម្លែងខ្លួនថ្មី Delta បានបាន៣៣% និងទប់ស្កាត់ការឆ្លងវីរុសCovid-19បម្លែងខ្លួនថ្មី Alpha បាន៦៦% ប៉ុន្តែបើចាក់២ដូស អាចទប់ស្កាត់ការឆ្លងវីរុសCovid-19បម្លែងថ្មី Delta បាន៨៨% និងទប់ស្កាត់ Alpha បាន៩៣% ។

ដើមចមនាំអោយកើតរឿង

មជ្ឈមណ្ឌលរបស់សហភាពអឺរ៉ុប ទទួលបន្ទុកការពារ និងត្រួតពិនិត្យជំងឺឆ្លង បានអោយដឹងថា ដើមចមដែលនាំអោយបណ្តាប្រទេស នៅក្នុងតំបន់នេះប្រឈម នឹងការឆ្លងរាលដាលវីរុសCovid-19បម្លែងខ្លួនថ្មី Delta ដែលរកឃើញនៅឥណ្ឌា នៅពេលបច្ចុប្បន្ននេះ និងនៅពេលខាងមុខ គឺដោយសារប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ ហាក់នឿយណាយនឹងការស្នាក់នៅផ្ទះ ។

មជ្ឍមណ្ឌលដដែលបានបន្តថា ក្រុមយុវជននៅតំបន់អឺរ៉ុប គឺជាប្រភេទមនស្សដែលមានកំណើនឆ្លងរាលដាលវីរុស Delta ខ្ពស់ជាងគេ ដោយសារតែក្រុមយុវជន កំពុងតែមានភាពនឿយណាយ ក្នុងការស្នាក់នៅក្នុងផ្ទះជាងគេ និងជាប្រភេទប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងបង្ការវីរុសCovid-19បានតិចជាងគេផងដែរ ។

ក្នុងរយៈពេលជាង ៣សប្តាហ៍ចុងក្រោយនេះ វីរុសCovid-19 បម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញនៅប្រទេសឥណ្ឌាជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ បានឆ្លងរាលដាលយ៉ាងគំហុក នៅប្រទេសព័រទុយហ្កាល អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អង់គ្លេស រុស្ស៊ី និងប្រទេសអ៊ីតាលី និងមានកំណើនកាន់តែលឿន ។

ជាឧទាហរណ៍ ក្នុងរយៈពេល ជាង២សប្តាហ៍ចុងក្រោយនេះ ប្រទេសរុស្ស៊ី បានរកឃើញអ្នកវិជ្ជមានវិរុសCovid-19 ប្រមាណជាង៥០ ០០០នាក់ ដែលក្នុងនោះ៩០%នៃអ្នកវិជ្ជមាន គឺជាប្រភេទវីរុស Delta ដែលវីរុស Delta នេះ បានចូលទៅជំនួសវីរុស Covid-19 និងវីរុសCovid-19 បម្លែងខ្លួនថ្មីប្រភេទ Alpha Beta និងGamma ដោយសារតែវាមានកម្លាំងឆ្លងខ្លាំងជាង ៕ អ្ថតបទ៖​ អ៉ី ជិន

To Top