ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំព្យាយាមចាប់សត្វកម្រមកចិញ្ចឹមតាមផ្ទះ ព្រោះថា ជាសកម្មភាពខុសច្បាប់ ។
តាមរយៈហ្វេសប៊ុក នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានកោតសរសើរចំពោះក្រុមការងារអនុវត្តច្បាប់ចម្រុះ ដែលចុះដកហូតសត្វតោមួយក្បាល ជាប្រភេទសត្វកម្រ ដើម្បីយកទៅឲ្យអ្នកជំនាញថែរក្សាការពារបន្ត។
ក្រសួង បន្ដថា យោងតាមច្បាប់ ពលរដ្ឋមិនមានសិទ្ធិ ក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទសត្វកម្រនោះទេ។ ច្បាប់ស្តីពីព្រៃឈើ មាត្រា ៤៩ ចែងថា ការយកធ្វើជាកម្មសិទ្ធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់ ហើយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៥៨ ការនាំចូល នាំចេញនូវប្រភេទសត្វ រុក្ខជាតិនិង គ្រាប់រុក្ខជាតិត្រូវស្នើសុំច្បាប់អនុញ្ញាត។
ក្រសួងបរិស្ថាន បញ្ជាក់ថា «អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សា និងអភិរក្សសត្វព្រៃ និងកុំព្យាយាមចាប់សត្វកម្រៗមកចិញ្ចឹម នៅតាមផ្ទះដែលជាសកម្មភាពខុសច្បាប់ គួរទុកសត្វទាំងនោះឱ្យនៅរស់នៅក្នុងព្រៃធម្មជាតិដើម្បីបង្កើនការបន្តពូជ បង្កើនចំនួនប្រភេទសត្វកម្រៗ»។
សូមជម្រាបថា អាជ្ញាធរចម្រុះ បានចុះធ្វើការដកហូតយកសត្វតោឈ្មោល រស់មួយក្បាលពីជនជាតិចិន ដែលបានចិញ្ចឹមដោយខុសច្បាប់ នៅក្នុងលំនៅដ្ឋានរបស់ខ្លួន ។ ក្នុងកិច្ចសហប្រតិបត្តិការ ចុះដកហូតសត្វតោ ដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។
ជាងនេះទៅទៀត ក្នុងប្រតិបត្តិកាចុះដកហូតសត្វតោនោះ ធ្វើឡើង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង ដែលជនជាតិចិន បានចិញ្ចឹមសត្វតោ ឈ្មោល មួយក្បាលជាប្រភេទសត្វព្រៃ នៅក្នុងផ្ទះដោយខុសច្បាប់ ។
ដូចនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានប្រាប់ឱ្យដឹង ថា ដោយសារមានប្រជាពលរដ្ឋជិត ខាងបានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វ តោនៅក្នុងផ្ទះវីឡាខាងលើពីសំណាក់បុរស ជនជាតិចិន ទើបអាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វើការស្រាវជ្រាវឈាន ដល់ការចុះដកហូតយកសត្វតោឈ្មោល មួយក្បាលនោះ ដើម្បីបញ្ជូនទៅថែរក្សាទុក ៕