Covid-19

មន្ត្រីរ៉ាប់រងផ្តល់សេវា សាធារណៈជូនពលរដ្ឋ ត្រូវកសាងទម្លាប់រស់នៅ និងបំរើការងារតាម គន្លងប្រក្រតីភាពថ្មី នៃកូវីដ-១៩

ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំដល់មន្ត្រីរ៉ាប់រង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវកសាងទម្លាប់រស់នៅ និងបំរើការងារតាមគន្លងប្រក្រតីភាពថ្មី នៃកូវីដ-១៩ នាពេលបច្ចុប្បន្ន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ។

ក្នុងកិច្ចប្រជុំពិភាក្សាផែនការ សកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ថ្មីៗនេះ លោក ព្រុំ សុខា បានថ្លែងថា «ក្នុងពេលដែលនៅទូទាំងប្រទេស យើងកំពុងបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩ ការផ្តល់សេវាចាំបាច់ដោយផ្ទាល់ជូន ប្រជាពលរដ្ឋដែលពុំអាចធ្វើបានតាម Online ឬពីចំងាយ មន្ត្រីសាធារណៈនៅមូលដ្ឋានត្រូវរ៉ាប់រង ការងារទាំងនេះក្នុងស្មារតីទទួលខុសត្រូវ ដោយត្រូវកសាងទម្លាប់រស់នៅ និងបំរើការងារតាមគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩»។

លោកបន្ដថា មន្ត្រីមូលដ្ឋានគប្បីសកម្ម ជួយអប់រំប្រជាពលរដ្ឋ និងត្រូវធ្វើគំរូក្នុងការអនុវត្តខ្ជាប់ខ្ជួននូវវិធានការ បង្ការទប់ស្កាត់គឺ «៣ការពារ និង៣កុំ» ដើម្បីកសាងទម្លាប់ថ្មីនៃរបៀបរស់ នៅក្នុងស្ថានភាពកូវីដ-១៩ និងបំផុសការចូលរួមទៅទទួលការ ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។

លោករដ្ឋមន្ដ្រី ក៏បានជឿជាក់លើចលនាសាមគ្គីជាតិ ចូលរួមយ៉ាងសស្រាក់សស្រាំប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្រោមការដឹកនាំដ៏មោះមុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គួបផ្សំជាមួយយុទ្ធនាការទ្រង់ទ្រាយធំ សំរុកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជននៅទូទាំងប្រទេស សំរាប់កសាងកំផែងភាពស៊ាំ (Herd Immunity) នៃសុខភាពសាធារណៈ ថា «យើងពិតជាទ្រោលគ្រប់គ្រង បានទាំងស្រុងស្ថានការណ៍កូវីដ-១៩ នាំសង្គមជាតិយើងវិលទៅកាន់ប្រក្រតីភាព ជាធម្មតាសារជាថ្មីយ៉ាងឆាប់រហ័ស ដើម្បីអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើង» ៕

To Top