ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ៖ ក្រសួងព័ត៌មាន មិនមែនទទួលធ្វើជាមេធាវី ឬដើមបណ្ដឹង

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងមិនមែន ទទួលធ្វើជាមេធាវី ឬដើមបណ្តឹង គឺអាជ្ញាធរនៅតាមតំបន់នីមួយៗ ដែលខ្លួនអ្នកត្រួតត្រា ជាអ្នកសម្រេចឲ្យអ្នកសារព័ត៌មាន ចូល ឬមិនចូល នៅពេលចុះបំពេញ បេសកកម្មការងារណាមួយ ។ យោងតាមការចេញផ្សាយ ទូរទស្សន៍ជាតិកម្ពុជា ទទក ។

ក្នុងកិច្ចប្រជុំសាមញ្ញ ប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ចុងខែមិថុនា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ បានថ្លែងថា អ្នកកាសែតមានសិទ្ធិសរសេរព័ត៌មាន អាជ្ញាធរមានសិទ្ធិក្នុងការបំភ្លឺ និងមានសិទ្ធិប្តឹង បើសិនអ្នកកាសែតនោះ បំពានវិជ្ជាជីវ:ជាអ្នកសារព័ត៌មាន ហើយការផ្សាយ របស់អ្នកសារព័ត៌មាន ត្រូវតែមានតុល្យភាព។

លោកបញ្ជាក់ថា «ក្រសួងព័ត៌មាន មិនមែនទទួលធ្វើជាមេធាវី ឬដើមបណ្តឹង ឬ មន្រ្តីយុត្តិធម៌នោះទេ គឺអាជ្ញាធរនៅតាមតំបន់នីមួយៗ ដែលខ្លួនជាអ្នកត្រួតត្រា ជាអ្នកសម្រេច ឲ្យអ្នកសារព័ត៌មាន ចូលឬមិនចូល នៅពេលចុះបំពេញ បេសកកម្មការងារ ណាមួយ ហើយអាចចាត់វិធានការ នៅពេលអ្នកសែត បានសរសេរអត្ថបទ ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ សាធារណ: ដោយឲ្យកាសែតនោះសរសេរ កែតម្រូវ និងសុំទោស ជាសាធារណ: បើសិននៅតែមិនកែតម្រូវ គឺអាចធ្វើការប្តឹងទៅ ស្ថាប័នតុលាការតែម្តង» ។

លោក រដ្ឋមន្ដ្រី ក៏បានណែនាំឲ្យប្រពន្ធ័ ផ្សព្វផ្សាយរបស់ជាតិ ត្រូវផ្តល់រាល់ព័ត៌មានបែបពន្យល់ បកស្រាយទៅតាមច្បាប់ និងឯកសារគតិយុត្ត ដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណា ឲ្យសាធារណៈជនទូទៅ កាន់តែទទួលការយល់ដឹង ស៊ីជម្រៅ ពាក់ពន្ធ័ការអនុវត្តសេចក្តីសម្រេច និងវិធានការច្បាប់នានា របស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តន៍ ក្នុងកិច្ចការងារដែលមានផលប្រយោជន៏ជារួម សម្រាប់ប្រទេសជាតិ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×