ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចការងារសាងសង់ ៦៤%ហើយ បើគិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។
គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណ ជាង៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់ រយៈពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ថាបនាផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «មកដល់ថ្ងៃទី២៥ ខែមិថុនា យើងធ្វើបាន ៦៤ភាគរយហើយ លើការស្ដារផ្លូវរបស់យើង»។
ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី បន្ដថា រហូតមកដល់ពេលនេះ ក្រុមការងារស្ថាបនាផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាម សាងសង់ទាន់ពេលវេលា។ លោក ក៏បានសង្ឃឹមថា ផ្លូវ៣៨ខ្សែនេះ នឹងធ្វើចប់សព្វគ្រប់ទៅតាមពេលវេលាកំណត់ ផងដែរ។
សូមរំលឹកថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប អនុវត្តដោយអង្គភាពសាងសង់ ចំនួន៨រួមមាន ៖ទី១-កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃ នាយកដ្ឋានវិស្វកម្ម ទី២-កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ទី៣-កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទី៤- អគ្គនាយកដ្ឋានសាធារណការ ទី៥- អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ទី៦-នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ទី៧-នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និងទី៨-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប៕