ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការបាញ់រ៉ុក្កែតសំដៅទៅលើមូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅខេត្ត Deir al-Zour ភាគខាងកើតប្រទេសស៊ីរី កាលពីល្ងាចថ្ងៃច័ន្ទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទីភ្នាក់ងារសារព័ត៌មាន SANA បានចុះផ្សាយឲ្យដឹងថា មូលដ្ឋានគោលដៅគឺស្ថិតនៅក្នុងអណ្តូងប្រេងអាល់អូម៉ា នៅតំបន់ជនបទ Deir al-Zour ភាគខាងកើតប្រទេសស៊ីរី ដែលជាទីតាំងរបស់អាមេរិក។
ជាមួយគ្នានេះដែរក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលគាំទ្រក្រុមឧទ្ទាមបានឲ្យដឹងថា ការវាយប្រហារនេះបណ្តាលឱ្យខូចខាត និងឆេះរថយន្តនៅក្នុងមូលដ្ឋាន ដោយមិនមានការបញ្ជាក់ពីគ្រោះថ្នាក់ និងស្លាប់ឡើយ។
ក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានកត់សម្គាល់ថា អ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ស្ថិតនៅពីក្រោយការវាយប្រហារនេះ។
ក្រុមអ្នកអង្កេតការណ៍បានលើកឡើងថា បន្ទាប់ពីការវាយប្រហារតំបន់នានា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់នៅក្នុងតំបន់ al-Mayadin ក្នុងទីក្រុង Deir al-Zour បានឃើញការផ្ទុះជាច្រើនដង ដែលហាក់ដូចជាការបាញ់ផ្លោងសងសឹកចេញពីមូលដ្ឋានអាមេរិក ដែលបានកំណត់គោលដៅនៅក្នុងតំបន់វាលអាល់អូម៉ា។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារមីស៊ីលនៅម៉ោង ១ ព្រឹកថ្ងៃច័ន្ទ នៅលើទីតាំងរបស់ក្រុមអ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតនៃតំបន់ Deir al-Zour ក្បែរព្រំដែនអ៊ីរ៉ាក់ ដោយបានសម្លាប់មនុស្ស ៥ នាក់៕