ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឲ្យដឹងថា ចម្ការឈើដាំ មានតួនាទីសំខាន់ ទាំងការបម្រើឲ្យផ្នែកបរិស្ថាន សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ហើយការវិនិយោគលើចម្ការឈើដាំ មានកំណើនឡើង ដូចជា ដើមម៉ៃសាក់ អាកាស្សា អង្កាញ់ ប្រេងខ្យល់ ជាដើម។
ក្នុងដំណើរទស្សនកិច្ចចម្ការម៉ៃសាក់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ប្រទេសអ៊ីស្រាអែល ដាំទំហំ៣៥០ ហិកតា នៅដីសហគមន៍តំបន់ការពារធម្មជាតិតាសាល ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាពេលថ្មីៗនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ទន្ទឹមនឹងការរឹតបន្តឹងជាសកលលើការនាំចេញ និងប្រើប្រាស់ ឈើដែលដកហូតពីព្រៃធម្មជាតិកាន់តែខ្លាំង តម្រូវការនៃការប្រើប្រាស់ឈើ ដែលបានមកពីចម្ការឈើដាំ ដូចជា អាកាស្សា ម៉ៃសាក់ អង្កាញ់ ប្រេងខ្យល់ ជាដើម សម្រាប់ផលិតគ្រឿងសង្ហារឹម មានការកើនឡើងគួរឲ្យកត់សម្គាល់។
លោកបញ្ជាក់ថា «ការវិនិយោគលើដាំចម្ការឈើ ផ្តល់ផលប្រយោជន៍ច្រើន ដូចជា បង្កើតការងារ និងការបង្កើនចំណូល ដល់សហគមន៍មូលដ្ឋាន និងផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិ កាត់បន្ថយសម្ពាធលើការ ប្រើប្រាស់ឈើធម្មជាតិ និងការបង្កើនគម្របព្រៃឈើ សម្រាប់កម្ពុជាផងដែរ»។
លោករៀបរាប់ថា ជាទូទៅនៅតាមសហគមន៍មូលដ្ឋាន មានដីព្រៃរេចរឹលប្រមាណ ៣០-៥០% នៃផ្ទៃដីសរុប។ ក្រសួងបរិស្ថាន បានលើកទឹកចិត្ត និងជំរុញការដាំឈើនៅលើដីរេចរឹល របស់សហគមន៍មូលដ្ឋាន នៅក្នុងផ្ទៃដីតំបន់ការពារធម្មជាតិ ក៏ដូចជាតំបន់ដទៃទៀត ដើម្បីស្តាគម្របព្រៃផង និងបង្កើន ប្រភពចំណូលដល់សហគមន៍មូលដ្ឋាន។
លោក រដ្ឋលេខាធិការ លើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងផ្តល់កូនអាកាស្សា ចំនួន១លានដើម ក្នុងឆ្នាំ២០២១ ដល់ឃុំចំនួន ៨ ក្នុងស្រុកពារាំង ខេត្តព្រៃវែង និងទីកន្លែងផ្សេងទៀត ដែលជាកិច្ចសហការជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការងារនេះ។ តាមបទពិសោធន៍ថ្មីៗរបស់ក្រុមហ៊ុន ខាមអាក្រា ដើម្បីទទួលបានទិន្នផលខ្ពស់ យើងគួរដាំអាកាស្សាចំនួន ១១១០ដើមក្នុងមួយហិកតា ដែលផ្តល់ឈើមូលស្តង់ដាទីផ្សារចំនួន ៧៥ម៉ែតគូប និងឈើប្រភេទអុសចំនួន ៦៥ ម៉ែត្រគូប ក្នុងរយៈពេល ៥ឆ្នាំ។ តាមតម្លៃទីផ្សារនាពេលបច្ចុប្បន្ន ការដាំអាកាស្សាដែលទុកឱ្យមានអាយុ ៥ឆ្នាំ អាចផ្តល់ប្រាក់ចំណូល ៦៧៨០ ដុល្លាក្នុងមួយហិកតា៕