ព័ត៌មានជាតិ

ឱសថស្ថាន៨៦ នៅភ្នំពេញ ត្រូវបានមន្រ្តីជំនាញ ចុះរកមើលការលក់ ឧបករណ៍ ធ្វើតេស្តរកអង់ទីគ័រ ការពារជំងឺកូវីដ១៩

ភ្នំពេញ ៖ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភំ្នពេញ សហការជាមួយមន្ទីរសុខាភិបាល រដ្ឋបាលរាជធានី និងមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភំ្នពេញ ចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ការដាក់លក់ឧបករណ៍សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩នៅឱសថស្ថានចំនួន៨៦ទីតាំង ស្ថិតនៅម្តុំផ្សារអូឡាំពិក និងផ្សារតាប៉ាង ក្នុងខណ្ឌ៣ កាលពីថ្ងៃ២៩ មិថុនា ។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

ខណ្ឌ៣នោះរួមមាន ៖ បឹងកេងកង ៧មករា និងខណ្ឌដូនពេញ ។

ជាលទ្ធផល ឱសថស្ថានទាំងអស់នោះពុំមានដាក់លក់ និងពុំដែលធ្លាប់មានលក់ឧបករណ៍តេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩ឡើយ ។ ជាមួយគ្នានេះ ក្រុមមន្រ្តីជំនាញក៏បានណែនាំឱសថស្ថានទាំង៨៦ទីតាំង មិនឲ្យដាក់លក់ បើមិនមានការអនុញ្ញាត និងទទួលស្គាល់ពីក្រសួងសុខាភិបាល ។

ផ្ទាំងពាណិជ្ជកម្ម

ថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស មិនអនុញ្ញាតឲ្យប្រើប្រាស និងដាក់លក់ឧបករណ៍សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩លើទីផ្សារទេ។

សូមបញ្ជាក់ថា មុនក្រសួងប្រកាសនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការផ្សព្វផ្សាយលក់ឧបរកណ៍តេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩៕

To Top