ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឲ្យដឹងថា សហគមន៍ផ្តល់ជំនួយ បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើវិស័យសកម្មភាពមីន តាមរយៈគម្រោងបោស សម្អាត មីនដើម្បីលទ្ធផល ក្នុងគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីន នៅត្រឹមឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកា ជាង២០លានដុល្លារ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ លោកទេសរដ្ឋមន្រ្តី លី ធុជ។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់ កាលទី៤ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា «ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការអនុវត្ត គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺឡង់ និងអង្គការ UNDP ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥ សរុបថវិកាប្រមាណ ២០ លានដុល្លារ»។
លោក បន្ដថា ថវិកាទាំងនេះ ដោយផ្តោតទៅលើសកម្មភាព ចំនួន៣ រួមមាន៖ទី១-ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ,ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ។ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះសហគមន៍ផ្តល់ជំនួយ ដែលបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើវិស័យសកម្មភាពមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីននៅត្រឹមឆ្នាំ២០២៥។
លោក បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥(NMAS) ដើម្បីសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាគ្មានមីននៅឆ្នាំ២០២៥» និងស្របតាមសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី២របស់កម្ពុជា ព្រមទាំងការបញ្ចប់ការអនុវត្តផែនការបីឆ្នាំរបស់ NMAS ដំបូង ២០១៨-២០២០ ប្រកបដោយជោគជ័យ ដែលបានផ្តល់ផលប្រយោជន៍ដល់ ប្រជាជនចំនួន ១.១២០.៤៩៧ នាក់។
សូមរំលឹកថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ កម្ពុជាធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីចំនួន ២,២២១ គីឡូម៉ែត្រការ៉េ រកឃើញនិងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សបានចំនួន ១,១០៣,១៩២ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៥,៦០៣ គ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ២,៩០៩,៧៦៤ គ្រាប់ ដោយមានអ្នកទទួលផល ៣,៣៣៥,៦៨៦ គ្រួសារ និង ៧,១៩៦,៩៦៥ នាក់ ហើយផ្ទៃដីដែលបានបោសសម្អាតរួច ត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ៨៧% និងផ្ទៃដីនៅសល់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀតដូចជា សាងសង់លំនៅដ្ឋាន សាលារៀន មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយគ្រោះថ្នាក់ ជាដើម៕