ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹង គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំង អគាររដ្ឋបាលនៅច្រកទ្វារព្រំដែន ស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យសម្រេចបាន ២១,០៥% ហើយ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ។
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាង ស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន(JICA) មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសផងដែរ។

បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាល នៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ឲ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។

សូមបញ្ជក់ថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ រួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥ ២៥០ ១៦៨ បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) ចំណាយពេល២៤ខែ គិតរហូតមកដល់ចុងខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងនេះសម្រេចបានប្រមាណ ២១,០៥%ហើយ។

គួរកត់សម្គាល់ថា ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាង ទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ ៕

