ព័ត៌មានជាតិ

AHF អំពាវនាវ ប្រទេសផលិត វ៉ាក់សាំង ជួយប្រទេស កំពុងប្រឈម កូវីដ១៩ ដើម្បីសង្គ្រោះជីវិត មនុស្សទាន់ ពេលវេលា

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំ តំបន់អាស៊ី នៃអង្គការមូលនិធិ ថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) បានអំពាវនាវឲ្យប្រទេស អាចផលិត វ៉ាក់សាំងបាន ជួយផ្តល់វ៉ាក់សាំង ដល់ប្រទេសកំពុងប្រឈមខ្លាំង នឹងជំងឺកូវីដ១៩ ដើម្បីសង្គ្រោះជីវិត មនុស្សទាន់ពេលវេលា ។

ក្នុងសន្និសីទសារព័ត៌មាន តាមរយៈ Zoom ដើម្បីទាមទារឲ្យមានការបង្កើន កិច្ចសហប្រតិបត្តិការ ជាអន្តរជាតិ បង្កើនការផលិតវ៉ាក់សាំង ឲ្យបានច្រើនទូទាំងពិភពលោក ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានថ្លែងថា បណ្ដាប្រទេសនានាលើពិភពលោក ទទួលបានវ៉ាក់សាំងគ្រប់គ្នាៗ ជាវិធីតែមួយគត់ ដើម្បីបញ្ឈប់ការ រាតត្បាតនៃជំងឺកូវីដ១៩ ។ ប៉ុន្តែពេលនេះកំពុងដើរលើផ្លូវ ដោយព្រួយបារម្មណ៍ ប្រសិនបើក្រុមហ៊ុនផលិត វ៉ាក់សាំង និងមេដឹកនាំពិភពលោក មិនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបានចាក់វ៉ាក់សាំង ឲ្យប្រជាជនទូទាំងសកលលោក ការពារពីជំងឺកូវីដ១៩ ។

លោកវេជ្ជបណ្ឌិត បញ្ជាក់ យ៉ាងដូច្នេះថា «សូមអំពាវនាវឲ្យប្រទេស ដែលអាចផលិតវ៉ាក់សាំងបាន ជួយផ្តល់ជូនប្រទេស ដែលកំពុងតែប្រឈមខ្លាំង នឹងជំងឺកូវីដ១៩ បានចាក់វ៉ាក់សង្គ្រោះជីវិតបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការរីករាល ដាលនៃជំងឺកូវីដ១៩នេះ ដោយកុំឱកាសនេះ ដើម្បីធ្វើការស្វែងរកផលចំណេញ តាមរយៈការផលិតវ៉ាក់សាំង»។

នាឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា បានឲ្យដឹងដែរថា ការទទួលបាន ការព្យាបាល ប្រឆាំងវីរុសកូវីដ១៩ ជាសកល គឺជាគោលដៅចុង ក្រោយរបស់ AHF ដោយមនុស្ស គ្រប់រូបគួរតែមាន លទ្ធភាពទទួល បានង្គ្រោះវ៉ាក់សាំងសង្គ្រោះជីវិតរួមទាំងថ្នាំព្យាបាល ដោយមិនគិតពីស្ថានភាព សេដ្ឋកិច្ច ខណៈឧស្សាហកម្មឱសថ បានបង្ហាញថា វាអាចឆ្លើយតបជាមួយនឹងការច្នៃប្រឌិតថ្មី ដើម្បីឆ្លើយ តបទៅនឹង តម្រូវការបន្ទាន់សម្រាប់ វ៉ាក់សាំងកូវីដ១៩ ដូច្នេះសូមឲ្យក្រុមហ៊ុនផលិត វ៉ាក់សាំងជាច្រើនគិត ពីជីវិតមនុស្សជាងប្រាក់ចំណេញ ពីការលក់វ៉ាក់សាំង។

លោកស្រីបន្ថែមថា សម្រាប់ការវិនិយោគតែមួយមុខនេះ ពិភពលោកគួរតែទទួល បាននូវបច្ចេកវិទ្យា និងព័ត៌មានដែលខ្លួនត្រូវការ ដើម្បីពង្រីកផលិតកម្មវ៉ាក់សាំង ទូទាំងពិភពលោក មិនថាតែហេដ្ឋារចនាសម្ព័ន្ធ មានស្រាប់ ឬត្រូវបានបង្កើតថ្មីនោះទេ។

ដោយឡែក លោកទឹម វរ៉ា តំណាងអង្គការសង្គមស៊ីវិល បានលើកឡើងថា ការកិច្ចខិតខំប្រឹងប្រែង ទទួលបានការចាក់ វ៉ាក់សាំងទាំងអស់គ្នា ជាប្រយោជន៍ឯកជន និងសាធារណៈ ។ លោកថា «យើងត្រូវតែអំពាវនាវ ឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំង ទាំងអស់ ចែករំលែកបច្ចេកវិទ្យានិងកម្មសិទ្ធិបញ្ញា របស់ពួកគេដោយបើកចំហ ហើយសម្រាប់រដ្ឋាភិបាល ដើម្បីធានាថាវ៉ាក់សាំង ការពារអាយកូវីដ១៩ ត្រូវបានប្រកាសជាសាធារណៈ ។
យើងអាច មើលឧទាហរណ៍ ពីអតីតកាលដូចជាការរីករាលដាល នៃជំងឺអេដស៍និងជួយសង្គ្រោះពិភពលោក ដូចដែលយើងបានធ្វើជាមួយថ្នាំប្រឆាំង នឹងមេរោគអេដស៍ ត្រូវបានផ្សព្វផ្សាយ ជាសកលដើម្បីសង្គ្រោះជីវិត»។

ចំណែក លោក ស៊ន សុទ្ធារិទ្ធ ប្រធានបណ្តាញ អ្នករស់ ជាមួយមេរោគអេដស៍ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងដែរថា គម្លាតនៃធនធាន ដើម្បីដោះស្រាយស្ថានការណ៍ រវាងប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ និងមានប្រាក់ចំណូលទាប គឺធំធេងណាស់ ។ ជាមួយនឹងដែនកំណត់ ប៉ាតង់ និងកម្មសិទ្ធិបញ្ញាការទទួល បានការចាក់វ៉ាក់សាំង មិនអាចត្រូវបានធ្វើឲ្យប្រសើរឡើងបានលឿន ដើម្បីតាមទាន់ការ បំផ្លិចបំផ្លាញនៃកូវីដ-១៩ ដែលកំពុងបង្កឡើយ ។

កញ្ញា វី ឌីណែត អ្នកចំរៀងនិងតារាសម្តែង បានលើកឡើងពីការឈឺចាប់ និងការបាត់បង់ អ្នកជាទីស្រឡាញ់ ជារឿងដ៏សោកសៅ ។ កញ្ញាថា រស់នៅជាមួយការភ័យខ្លាច ជាមួយមេរោគកូវីដ១៩ ជាការលំបាកណាស់ ។ ដើម្បីការពារពិភពលោក ទាំងមូលមានសុវត្តិភាព ទាំងអស់គ្នា កញ្ញា អំពាវនាវដល់ប្រទេស ដែលអាចផលិតវ៉ាក់សាំង បានជួយផ្តល់វ៉ាក់សាំងឲ្យគ្រប់គ្នា ទូទាំងសកល ដែលជាវិធីតែមួយគត់ ដើម្បីបញ្ឈប់ជំងឺរាតត្បាតនេះ៕

To Top