ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹង នូវការផ្តល់សិទ្ធិ ដល់ប្រតិបត្តិករថ្មី (៣ក្រុមហ៊ុន) ក្នុងការចាប់ផ្តើម អនុវត្តផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមហ៊ុនទាំង៣ មានការបែងចែកភូមិសាស្ត្ររាងៗខ្លួន ដូចជា ក្រុមហ៊ុន 800Super/Global Action for Enviroment Aareness Public Limited គ្រប់គ្រងលើខណ្ឌចំនួន៥ មានខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ។ ខណ្ឌ៥ទៀត មានខណ្ឌដូនពេញ ខណ្ឌ៧មករា ខណដង្កោរ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ទទួលខុសត្រូវដោយក្រុមហ៊ុន Mizuda Group Co, Ltd ។ក្រុមហ៊ុន CINTRI (Cambodia) /Everbright (China) នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន ៤ខណ្ឌ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ។
ក្នុងដំណាក់កាលនេះ អាចនឹងមានភាពរអាក់រអួលខ្លះៗ នៃការផ្តល់សេវា ជាពិសេសតំបន់ដែលទទួលខុសត្រូវដោយប្រតិបត្តិករថ្មី ។
ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់ពលរដ្ឋទាំងអស់ត្រូវវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងរបស់ខ្លួន តាមការកំណត់ឲ្យបានត្រឹមត្រូវផងដែរ ៕