ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួម ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ គម្រោងទី១២ បុរីវិមានភ្នំពេញ របស់ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ។ សកម្មភាពនេះ បានបង្ហាញ ឲ្យឃើញថា បើទោះបីជាវិបត្តិកូវីដ-១៩ បាននិងកំពុងរីករាលដាល និងបានគំរាមកំហែងមកលើកម្ពុជា យ៉ាងណាក៏ដោយ ប៉ុន្តែវិស័យសំណង់ នៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ពោលបានកម្រើកឡើងវិញ និងបានផ្តល់ការងារ ដល់កម្មករ និងជួយជំរុញកំណើន សេដ្ឋកិច្ចជាតិផងដែរ ។
គម្រោងទី១២ របស់បុរីវិមានភ្នំពេញ ស្ថិតនៅតាមបណ្តាយផ្លូវ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ។ គម្រោងសាងសង់នេះ បានផ្តល់ការងារ ដល់កម្មករ ពី១៥០០នាក់ ទៅ២០០០នាក់ ។ ក្រៅពីផ្តល់ការងារ ដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ការបើកគម្រោង ថ្មីនេះ ក៏បានចូលរួមចំណែក អភិវឌ្ឍន៍រាជធានីភ្នំពេញមួយផ្នែក ដោយកែប្រែតំបន់ ដែលជាទីតាំង ដីឡូតិ៍ទុកចោល មិនមានមនុស្សរស់នៅ ទៅជាសំណង់លំនៅឋាន សម្រាប់ប្រជាពលរដ្ឋទិញស្នាក់នៅ និងប្រកបអាជីវកម្ម ធ្វើឲ្យតំបន់នោះក្លាយជាទី ប្រជុំជន មានមនុស្សអូរអរ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាតជាដើម ។


គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១ រហូតមក ដល់បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ ឌីវឡបម៉ិន វិមានភ្នំពេញ បង្កើតបានចំនួន១២ គម្រោងស្ថិតនៅទីតាំងផ្សេងៗគ្នា និងមានផែនការបង្កើត គម្រោងបន្តបន្ទាប់ ទៀតទៅថ្ងៃអនាគត ៕


