ភ្នំពេញ៖ លោក Bjorn Haggmark ឯកអគ្គរាជទូតអែតប្រចាំកម្ពុជា ដែលត្រូវចប់អាណតិ្ត បានលើកឡើងថា ស៊ុយអែត នៅតែបន្តជួយដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំង វិស័យមួយចំនួនទៀត។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កឹម សុខា អតីតមេបក្សប្រឆាំង កាលពីពេលថ្មីៗនេះ លោក Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែត ប្រចាំកម្ពុជាបានបញ្ជាក់សារជាថ្មីម្តងទៀតថា «ប្រទេសស៊ុយអែត ជាមិត្តរបស់កម្ពុជា នៅតែបន្តជួយដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជា វិស័យមួយចំនួនទៀតផងដែរ»។

នាឱកាសនោះ លោក កឹម សុខា ក៏បានរំលឹកថា កាលពីអាណតិ្តទី១ នៃរដ្ឋសភា លោកបានដឹកនាំគណប្រតិភូសភាកម្ពុជា ដែលមានសមាជិកមក ពីគណបក្សនយោបាយចម្រុះ ទៅធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសស៊ុយអែត។ លោកថា ប្រទេសស៊ុយអែត ជាប្រទេសសមាជិកសហភាពអឺរុប ដែលមានប្រពន្ធ័ប្រជាធិបតេយ្យ និងយន្តការការពារសិទ្ធិមនុស្សរឹងមាំ ប្រកបដោយគុណតម្លៃខ្ពស់គួររៀនសូត្រ។
លោក បន្ដថា ក្រៅពីសកម្មភាពផ្តល់ជំនួយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលខ្វះខាតដោយសាររងផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ មួយចំនួន ក្នុងមួយខែមិថុនាកន្លងទៅនេះ លោកក៏បានជួបអ្នកការទូតប្រាំពីរប្រទេស ដែលជាមិត្តរបស់កម្ពុជា ជាបន្តបន្ទាប់។ ក្នុងជំនួបនោះ ក៏បានពិភាក្សាគ្នាលើកិច្ចការមួយចំនួន ដែលក្នុងនោះក៏សម្តែងនូវការព្រួយបារម្មណ៍ អំពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់លើវិស័យនានានៅពេលអនាគត ផងដែរ៕

