ព័ត៌មានជាតិ

សម្ដេចតេជោ ៖ មនុស្សមួយចំនួន និយាយថាខ្ញុំស្លាប់ គួរតែគិតពីសុខភាព ខ្លួនឯងវិញ វាប្រសើជាង (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅមនុស្ស មួយចំនួន ដែលបាននិយាយថា សម្ដេចស្លាប់នោះ គួរតែគិតគូរពីសុខភាព របស់ខ្លួនឯងវិញល្អប្រសើជាង ព្រោះការស្លាប់របស់មេដឹកនាំប្រទេស ត្រូវជូនដំណឹងដល់ប្រជាជន បានដឹងគ្រប់ៗគ្នា ។

ការឆ្លើយតបរបស់សម្ដេចតេជោបែបនេះ ក្រោយពីពួកក្រុមប្រឆាំង នៅក្រៅប្រទេស បាននាំគ្នាលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន បានស្លាប់ហើយ មិនឲ្យប្រជាជនបានដឹង ។

ក្នុងកិច្ចប្រជុំ និងថ្លែងសារពិសេស ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំមិននឹកស្មានថា មកដល់ពេលនេះ មានពាក្យចចាមរាមអាក្រក់ពីខាងក្រៅថា ខ្ញុំបានស្លាប់ តាំងពីថ្ងៃទី២៣ មិថុនា ម៉ោង៤ល្ងាច ឯណោះ ក្នុងពេលដែលខ្ញុំជាប់ធ្វើចត្តាឡីស័ក។ ទោះបីថ្ងៃទី២៩ កន្លងទៅនេះ ខ្ញុំបានចេញជួបជាមួយបណ្ដាគណបក្សនៅអាស៊ាន ជាមួយគណបក្សរួបរួមជាមួយរុស្ស៊ី ក៏ដោយ ក៏នៅមានពាក្យចចាមអារាមថា នោះ គឺជាវិដេអូក្លែងក្លាយ»។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំមិនចង់ឆ្លើយតបជាមួយ ប៉ុន្ដែខ្ញុំគ្រាន់ថា កូន ក្មួយ ទាំងឡាយ អ្នកទាំងឡាយ បើសិនគិតអំពីការស្លាប់របស់ខ្ញុំ គួរតែគិតពីសុខភាពខ្លួនឯងវាប្រសើជាង»។

សម្ដេចតេជោបន្ដថា ប្រសិនបើមានការស្លាប់មែន ត្រូវចាំបាច់លាក់សពសម្ដេច ធ្វើអ្វី? ប្រសិនបើមានការស្លាប់ ពិតមែននោះ មកដល់ពេលនេះ មានរយៈពេល៧ថ្ងៃទៅហើយ ប្រហែលជារដ្ឋសភា ក៏ដូចជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តែងតាំងនាយករដ្ឋមន្ដ្រីថ្មី ដើម្បីដំណើរការរៀបរដ្ឋាភិបាលថ្មី ផងដែរ។

សម្ដេចតេជោ ក៏បានពន្យល់ដល់ពួកក្រុមប្រឆាំងនៅក្រៅប្រទេសថា របៀបស្លាប់របស់មេដឹកនាំប្រទេស ត្រូវជូនដំណឹងដល់ប្រជាជាតិឲ្យបានដឹង ហើយពិធីបុណ្យសពរបស់មេដឹកនាំកម្រិតដូចសម្ដេច ប្រហែលមានកងកិត្តិយសដ៏ច្រើនមកអមសាកសពរបស់សម្ដេច ហើយប្រហែលជានាយកដ្ឋមន្ដ្រីថ្មី ឬក៏គណៈកម្មាធិការជាតិរៀបចំបុណ្យ តម្រូវឲ្យមានការទម្លាក់ទង់ជាតិ ដាក់កណ្ដាលដង ក៏អាចថាបាន តាមអ្វីមេដឹកនាំគ្រប់ប្រទេស ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top