ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឲ្យក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់តេស្តរហ័ស ដល់បណ្តាខេត្តនានា ឲ្យបានគ្រប់គ្រាន់ ជៀសវាងការខ្វះខាត ព្រោះបច្ចុប្បន្នយើងមាន តេស្តរហ័សចំនួន ១,១៤៤,៤៥០ នឹងចំនួន ១លានតេស្តរហ័សទៀត នឹងមកដល់នាពេលខាងមុខ ព្រមទាំង ៣សែនតេស្តកំពុងស្តុកក្នុង ឃ្លាំងយុទ្ធសាស្ត្រ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសពាក់ព័ន្ធ ស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់មន្រ្តីប្រចាំការ គ្រប់ច្រកព្រំដែនទាំងអស់ ត្រូវធ្វើតេស្តរហ័ស ហើយបើមានករណីសង្ស័យ នឹងចាំបាច់ ត្រូវធ្វើតេស្តដោយប្រើម៉ាស៊ីនធំតែម្តង។