Covid-19

រាជរដ្ឋាភិបាល ចំណាយ៤០លានដុល្លារ ក្នុង១ខែ សម្រាប់ចិញ្ចឹមពលរដ្ឋ ៧០ម៉ឺនគ្រួសារ ជួបការលំបាក ដោយកូវីដ១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងមួយខែៗរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាចំនួន ៤០លានដុល្លារ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ ដែលមានជីវិភាពលំបាកដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ កក្កដានេះ សម្តេចតេជោបានមានប្រសាសន៍ថា ដោយសារតែលំហូរមនុស្ស នៅក្នុងរយៈពេលចូលឆ្នាំ នាពេលកន្លងមកក៏បានបិទទីក្រុង ហើយគ្រោងដាក់ប្រាក់ឧបត្ថម្ភជូន ប្រជាពលរដ្ឋ ក៏ប៉ុន្តែបើទោះបីយកប្រាក់ទៅឲ្យគាត់ ក៏គាត់មិនដឹងទៅទិញឥវ៉ាន់ពីណាដែរ ព្រោះបានបិទមិនឲ្យពួកគាត់ចេញពីផ្ទះ។

សម្ដេចតេជោបន្តថា ទីចុងបំផុតក៏សម្រេចផ្គត់ផ្គង់ស្បៀងជាង៤០ម៉ឺនគ្រួសារ ដើម្បីឲ្យពួកគាត់ចិញ្ចឹមខ្លួនក្នុងពេលវេលាមិនអាចចេញពីផ្ទះ នៅតំបន់បិទខ្ទប់ ។ សម្ដេចថា បច្ចុប្បន្ន កំពុងផ្ដល់សាច់ប្រាក់បន្ថែមជូនពួកគាត់ ដោយក្រុមគ្រួសារមួយចំនួនបានជួយចេញថ្លៃទឹក ថ្លៃភ្លើង តាមការកំណត់ដែលមានរួចមកហើយ ។

សម្ដេចបន្តទៀតថា នេះជាការខិតខំដែលប្រើកម្លាំងអន្តរាគមន៍រាប់ពាន់នាក់ ដើម្បីយកស្បៀងអាហារទៅចែកជូន ប្រជាពលរដ្ឋប្រមាណ ៤០ម៉ឺនគ្រួសារ ។ សម្ដេចថា ការចែកអង្ករ ចែកស្បៀងអាហារ មិនស្រួលដូចការបើកប្រាក់ឧបត្ថម្ភតាមភ្នាក់ងារវីង ឬភ្នាក់ងារផ្សេងៗងនោះទេ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ឥឡូវនេះយើងបន្ត ដើម្បីឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រ របស់យើង ក៏ដូចជាកម្មករបាត់បង់ការងារធ្វើ រយៈពេល ៣ខែទៅមុខទៀត ។ យើងបានចំណាយក្នុង១ខែប្រមាណ ៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីចិញ្ចឹមប្រជាពលរដ្ឋរបស់យើងប្រមាណ ៧០ម៉ឺនគ្រួសារ បូកជាមួយកម្មករបាត់បង់ការងារធ្វើ ដែលរដ្ឋត្រូវជួយចិញ្ចឹម ៤០ដុល្លារក្នុង១ខែ បូកជាមួយថៅកែផ្ដល់ ៣០ដុល្លារ ដូច្នេះពួកគាត់បាន ៧០ដុល្លារក្នុង១ខែ ។ ដោយឡែកតែកម្មករក្នុងផ្នែកសេវាកម្មទាក់ទងទៅនឹងសណ្ឋាគារ បានតែ ៤០ដុល្លារក្នុង១ខែ ពីរាជរដ្ឋាភិបាលប៉ុណ្ណោះ» ។

សម្ដេចបន្ថែមថា នេះជាការប្រឹងប្រែងមួយ ហើយក៏ចាត់ទុកជាភ័ព្វសំណាងមួយដែរ ដែលកម្ពុជាសន្សំបានសាច់ប្រាក់ជាង៣ពាន់លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការអន្តរគមន៍ លើវិស័យសង្គមនេះឯង ដែលគិតមកដល់ពេលនេះបានចាយអស់ច្រើនទៅហើយ ។ សម្ដេចគូសបញ្ជាក់ថា តែមិនទាន់ក្លាយជារដ្ឋក្ស័យធន រហូតទៅដល់គ្មានប្រាក់បើកបៀរវត្សន៍ ដូចការឃោសនាអកុសល របស់ជនមួយចំនួននោះទេ ។ ជាក់ស្ដែងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏នៅតែបើកប្រាក់ខែបានក្នុង២អាទិត្យម្ដង ដោយមានសាច់ប្រាក់គ្រប់គ្រាន់ ៕

To Top