ព័ត៌មានជាតិ

Top News: កម្ពុជា ប្រកាស យកចិន ធ្វើជាដៃគូ យុទ្ធសាស្ត្រ សម្រាប់ការផ្គត់ផ្គង់ វ៉ាក់សាំង កូវីដ១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយក មហាអំណាចចិន ធ្វើជាដៃគូយុទ្ធសាស្ត្រ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង កូវីដ១៩ ចំណែកបណ្តាប្រទេស ជាមិត្តផ្សេងៗទៀត ជាដៃគូគាំទ្រ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅកម្ពុជា ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា «យកចិនធ្វើជាបង្អែក សម្រាប់ការផ្គត់ផ្គង់ វ៉ាក់សាំង ឯប្រភពផ្សេងទៀត គឺ ជាប្រភពគាំទ្រ ។ ការសម្រេចចិត្តរបស់ខ្ញុំនេះ គឺត្រឹមត្រូវអ្នកណាចង់ថាអីថាទៅ ។ លើការជាក់ស្ដែងយើង នឹងទទួលវ៉ាក់សាំងពីចិន ចំនួនជាង២០លានដូស» ។

បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមមិត្តបរទេសផ្សេងទៀត យល់ពីភាពពិត និងតម្រូវការជាក់ស្តែងរបស់កម្ពុជា​ ។

សូមបញ្ជាក់ថា វ៉ាក់សាំងបានក្លាយ ទៅជាវិធានការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិត ប្រជាពលរដ្ឋ ពីជំងឺឆ្លងសាកលមួយនេះ ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក​ ។

លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា តាមការគ្រោងទុក ត្រឹមខែសីហា ឆ្នាំ២០២១ ខាងមុខ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០លានដូស នឹងមកដល់កម្ពុជាអស់ហើយ ដោយចំណាយថវិកា ជាង១៧០លាន ដុល្លារ ៕

To Top
×