ព័ត៌មានជាតិ

អាមេរិក មានការប្តេជ្ញាចិត្ត​ ក្នុងការធ្វើឲ្យ អនុតំបន់ ទន្លេមេគង្គ មានភាពបើកចំហ មានវិបុលភាព និង សន្តិសុខ (Video)

ភ្នំពេញ៖ លោក Kin Moyមន្រ្តីជាន់ខ្ពស់ ​នៃការិយាល័យសម្រាប់ កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​ របស់សហរដ្ឋអាមេរិក បានអះអាងថា អាមេរិក មានការប្តេជ្ញាចិត្ត​ក្នុងការធ្វើឲ្យ អនុតំបន់ទន្លេមេគង្គ មានភាពបើកចំហ មានវិបុលភាព និងសន្តិសុខ ដែលមានសារសំខាន់ចាំបាច់ ​សម្រាប់ភាពល្អប្រសើរ របស់តំបន់ និងប្រជាជន អាស៊ាន។

សេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូត អាមេរិក ប្រចាំភ្នំពេញ ដែលមជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិល ទទួលបាននៅថ្ងៃទី១ ខែកក្កដា បានឱ្យដឹងថា នៅថ្ងៃទី ២៩ ខែមិថុនា លោក Kin Moyមន្រ្តីជាន់ខ្ពស់​នៃការិយាល័យសម្រាប់ កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​របស់សហរដ្ឋអាមេរិក បានចូលរួមរៀបចំ ជាមួយប្រទេសកម្ពុជា នូវកិច្ចប្រជុំប្រចាំឆ្នាំ លើកដំបូង នៃមន្រ្តីជាន់ខ្ពស់ ក្នុងកិច្ចសហការដៃគូ រវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក។ លេខាធិការដ្ឋានអាស៊ាន បានចូលរួម​ក្នុងកិច្ចប្រជុំ​នេះ ក្នុងនាមជាអ្នកសង្កេតការណ៍។

មន្រ្តីជាន់ខ្ពស់ Moy បានថ្លែងសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្ត​ក្នុងការធ្វើឲ្យអនុតំបន់ទន្លេមេគង្គមានភាពបើកចំហ មានវិបុលភាព និងសន្តិសុខ ដែលមានសារសំខាន់ចាំបាច់​សម្រាប់ភាពល្អប្រសើររបស់តំបន់និងប្រជាជនអាស៊ាន”។

លោក បានគូសបញ្ជាក់ពីសារសំខាន់​ នៃសារសំខាន់​ស្នូលរបស់អាស៊ាន ចំពោះចក្ខុវិស័យ​របស់សហរដ្ឋអាមេរិក ដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មានភាពសេរី និងបើកចំហ ហើយបានគូសបញ្ជាក់ ពីការគាំទ្រ​របស់សហរដ្ឋអាមេរិក ចំពោះទស្សនៈវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសន្យានិងបានផ្តល់ថវិកា ចំនួន ៤,៣ ពាន់លានដុល្លា ជាជំនួយឥតសំណង ដល់អនុតំបន់ទន្លេមេគង្គ គិតតាំងពីឆ្នាំ ២០០៩ មក។

ប្រទេសទាំង ៦ នៅក្នុងកិច្ចសហការជាដៃគូ​នេះ បានពិភាក្សាពីដំណើរជឿនលឿន ទៅមុខ លើការលើកកម្ពស់ ការឆ្លើយតបនឹងមេរោគកូវីដ ១៩ និងសន្តិសុខផ្នែកសុខភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមាននិរន្តរភាព ដែលរួមមានការអភិវឌ្ឍ តាមរយៈកិច្ចសហការគ្នា ជាដៃគូ រវាងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ក្នុងផ្នែកថាមពល ការបង្កើនសមត្ថភាពនៃធនធានមនុស្ស និងការកសាងគ្រឹះ​សម្រាប់សេដ្ឋកិច្ចឌីជីថុល នៅតំបន់ទន្លេមេគង្គ ជំរុញលទ្ធភាពផ្នែកសេដ្ឋកិច្ចសម្រាប់ស្រ្តី លើកកម្ពស់ការគ្រប់គ្រង ធនធានធម្មជាតិ និងធនធានទឹក ប្រកបដោយនិរន្តរភាព និងការការពារបរិស្ថាន ការប្រយុទ្ធប្រឆាំងនឹង ការគម្រាមកំហែង មិនធម្មតាលើសន្តិសុខ ដែលរួមមានទាំង ការជួញដូរខុសច្បាប់ លើមនុស្ស សត្វព្រៃ ឈើហ៊ុប គ្រឿងញៀន និងអាវុធ។

លោកមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក Moy បានអំពាវនាវឲ្យ ដៃគូចាត់វិធានការភ្លាមៗ ក្នុងការធ្វើឲ្យប្រទេសភូមា មានការទទួលខុសត្រូវ ចំពោះកិច្ចព្រមព្រៀង ៥ ចំណុច​របស់អាស៊ាន។

លោកបានអំពាវនាវឲ្យធ្វើសកម្មភាពរួមគ្នា ក្នុងការជំរុញឲ្យយោធាភូមាបញ្ចប់អំពើហឹង្សា ដោះលែង អ្នកដែលត្រូវឃុំខ្លួន ទាំងអយុត្តិធម៌ ហើយធ្វើឲ្យប្រទេសភូមា ដើរលើផ្លូវប្រជាធិបតេយ្យ ឡើងវិញ។

កិច្ចសហការគ្នាជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក រួមមានសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម។ ប្រទេសជាដៃគូ ធ្វើការជិតស្និទ្ធនឹងគ្នា​ លើការអភិវឌ្ឍន៍​ប្រកបដោយនិរន្តរភាព ជាមួយមិត្ត​នៃក្រុមតំបន់មេគង្គ  ដែលក្រៅពីសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់ទន្លេមេគង្គ រួមមានប្រទេសអូស្រា្តលី សហភាពអឺរ៉ុប ជប៉ុន សាធារណរដ្ឋកូរ៉េ ណូវែលសេឡង់ ធនាគារអភិវឌ្ឍន៍​អាស៊ី ធនាគារពិភពលោក និងលេខាធិការដ្ឋាន ​នៃគណកម្មាការ ទន្លេមេគង្គ។

ដោយ៖ សយ សុភា

To Top