ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅឆ្នាំក្រោយ គឺជាព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ឃុំ-សង្កាត់ដែលអ្នកនយោបាយផ្សេងៗអាចយកបញ្ហាប្រឈម និងទំនាស់នានា ក្នុងមូលដ្ឋាន ឆ្កឹះក្នុងបំណងទាញប្រជាប្រិយ៍ភាព ដូច្នេះ អាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋពីបច្ចុប្បន្ននេះទៅ ។
ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលខេត្តកំពង់ឆ្នាំងថ្មី នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង សម្ដេច ស ខេង បានឲ្យអភិបាលរាជធានី-ខេត្ត បន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវសកម្មភាព ការផ្សព្វផ្សាយព័ត៌មានមិនពិត និងភាពចលាចល ពិសេសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សម្ដេចក៏បានណែនាំឲ្យអាជ្ញាធរយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ ការពារផលប្រយោជន៍ សាធារណៈ ផលប្រយោជន៍សហគមន៍ និងចៀសវាងការចូលរួមក្នុងសកម្មភាពផ្ទុយពីច្បាប់ដែលធ្វើឲ្យប៉ះពាល់សន្តិសភាព និងស្ថិរភាពនយោបាយ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយជម្លោះនៅមូលដ្ឋានឲ្យបានល្អចៀសវាងឲ្យបាននូវការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។
សម្ដេច ស ខេង មានប្រសាសន៍ថា «នៅឆ្នាំក្រោយ គឺជាឆ្នាំនៃព្រឹត្តិការណ៍បោះឆ្នោតដែលអ្នកនយោបាយផ្សេងៗ អាចយកបញ្ហាប្រឈម និងទំនាស់នានាក្នុងមូលដ្ឋានឆ្កឹះក្នុងបំណងទាញប្រជាប្រិយ៍ភាព ដូច្នេះអាជ្ញាធរ សមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ពីឥឡូវទៅ ដើម្បីគ្រប់គ្រងសភាពការណ៍ ហើយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ឲ្យបានល្អ ដោយមិនត្រូវមានទស្សនខុសឆ្គងថា បញ្ហាទាំងនោះ គឺដោយសារមានពួកប្រឆាំង ឬដោយសារបញ្ហានេះ បញ្ហានោះឡើយ ពោលគឺសំខាន់ត្រូវមើលខ្លួនឯង ថាតើមានបញ្ហាមែនដែរទេ មានប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋឬទេ ហើយបើមានត្រូវដោះស្រាយភ្លាម»។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យខិតខំជំរុញការនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយត្រូវផ្ដល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងប្រកបដោយការជឿទុកចិត្ត , គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ,មានសណ្ដាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ជាងនេះទៅទៀត ត្រូវគ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង , ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព៕