នយោបាយ

ប្រមុខការទូតខ្មែរ ប្រាប់អ្នករាយការណ៍ UN ថា លទ្ធិប្រជាធិបតេយ្យ​ មិនមែនជាការ រត់ប្រណាំងចម្ងាយខ្លីទេ តែជាការ រត់ចម្ងាយឆ្ងាយ(video)

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់ ទៅលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា របស់អង្គការ សហប្រជាជាតិ (UN) ថា លទ្ធិប្រជាធិបតេយ្យ មិនមែនជាការរត់ប្រណាំង ចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយ ឆ្ងាយមួយ ហើយរាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹង និងអនុវត្តនៅក្នុងព្រំដែនច្បាប់ ។

នេះជាការអះអាង របស់ប្រមុខការទូតកម្ពុជា ក្នុងឱកាសទទួលជួបសន្ទនា តាមប្រព័ន្ធវីដេអូ ជាមួយអ្នករាយ ការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលកិច្ចពិភាក្សាបានផ្តោត លើចំណុចសំខាន់ ៣ចំណុច៖ (១) កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ (២) ជំងឺកូវីដ១៩ និងផលវិបាករបស់វា (៣) សិទ្ធិប្រជាធិបតេយ្យ និងពលរដ្ឋ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១ កក្កដា បានឲ្យដឹងថា ដោយចាត់ទុកខ្លួនលោកជាមិត្តល្អរបស់កម្ពុជា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានគូសបញ្ជាក់ពីការគោរព ដ៏ជ្រាលជ្រៅចំពោះកម្ពុជា ។
លោកសម្តែងអំណរសាទរ កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ របស់កម្ពុជាក្នុងយន្តការសិទ្ធិមនុស្ស ដូចជាការផ្តល់សច្ចាប័ន អនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ជាច្រើន ការចូលរួមក្នុងស្ថាប័នសន្ធិសញ្ញា យន្តការត្រួតពិនិត្យ តាមកាលកំណត់ និងអ្នករាយការណ៍ពិសេស និងការរីកចម្រើន គួរឲ្យកត់សម្គាល់ នៅក្នុងសិទ្ធិសេដ្ឋកិច្ចនិងសង្គម។

ភាគីទាំងពីរបានផ្លាស់ប្តូរ ទស្សនៈផងដែរ លើការរៀបចំរបស់កម្ពុជា ក្នុងនាមជាប្រធាន អាស៊ាន នៅឆ្នាំ២០២២ និង គំនិតផ្តួចផ្តើម ដែលមានសក្តានុពលពាក់ ព័ន្ធមួយចំនួន។

ស្តីពីប្រជាធិបតេយ្យនិងពលរដ្ឋ ប្រមុខការ ទូតកម្ពុជា បានសង្កត់ធ្ងន់ថា «ការវាយតម្លៃណាមួយមកលើប្រទេសកម្ពុជា គួរតែចងចាំថា តើការវាយតម្លៃនោះចេញ ពីប្រភពណា ហើយវាស្ថិតនៅត្រង់ណា នៅពេលនេះ ។ យន្តការនានា ត្រូវបានរៀបចំបង្កើតឡើង ដើម្បីបង្កើតភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការ សង្គមស៊ីវិល ឲ្យកាន់តែជិតស្និទ្ធ។ លទ្ធិប្រជាធិបតេយ្យ មិនមែនជាការរត់ប្រណាំង ចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយ ឆ្ងាយមួយ ។ រាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹងនិងអនុវត្តនៅក្នុងព្រំដែនច្បាប់ ។
ការចោទប្រកាន់ត្រូវបានធ្វើឡើងនៅ ចំពោះមុខតុលាការ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ និងការរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញ លេញក្នុងការស្តាប់ និងបដិសេធរាល់ការចោទប្រកាន់ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាន នីតិវិធីត្រឹមត្រូវ»។

នេះជាកិច្ចប្រជុំលើកទី៦ តាមប្រព័ន្ធវីដេអូ ដែលលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានជួបបណ្តាឥស្សរជន នៃរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីលោកបានចូលកាន់តំណែង ក្នុងអាណត្តិរបស់លោក ។ អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានជួបសន្ទនាជាមួយឥស្សរជន និងតំណាងមកពីក្រសួងមហាផ្ទៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងយុត្តិធម៌ ៕

To Top