ព័ត៌មានជាតិ

ដំរីអាស៊ី ជាប្រភេទសត្វ​ ជិតផុតពូជ លើពិភពលោក តែបន្តមាននៅកម្ពុជា ពី៤០០-៦០០ក្បាល

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថា វត្តមានកូនដំរីតូចៗទើបនឹងកើតក្នុងហ្វូងដំរីធំ ជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្ស និងក្រុមអ្នកបរិស្ថាន ទាំងនេះ ជាប្រសិទ្ធភាព នៃការពារ និងអភិរក្សព្រៃឈើទីជម្រក សត្វដំរី ព្រមទាំង ថែរក្សាបាន នូវប្រភេទពូជដំរីអាស៊ី ដែលជិតផុតពូជ លើពិភពលោក ខណៈនៅកម្ពុជា មានប្រហែលពី ៤០០-៦០០ក្បាល ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោក នេត្រ ភក្ត្រា បានឲ្យដឹងថា «នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួន ប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅ ក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាប ខាងជើង ទន្លេសាប និងតំបន់ទេសភាព ខ្ពង់រាបភាគខាងកើត ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាល អំណោយផលដល់ការរស់ នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ ក្បាល»។

លោក បន្ដថា យោងតាមការ សិក្សាស្រាវជ្រាវ របស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ី នៅលើពិភពលោក បានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វា បានបាត់បង់អស់ជិត ៩០ភាគរយ ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយរស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា ។ ដំរីអាស៊ី ត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពល ដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅ ក្នុងដែនជម្រករបស់វា ។

លោក គូសបញ្ជាក់ថា ដំរីអាស៊ីកំពុងតែទទួលរង ការគំរាមកំហែងធ្ងន់ធ្ងរ នៅទូទាំងដែនជម្រក របស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូល ជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហម​ របស់អង្គការសហភាព អន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ។ ការរិចរិលទីជម្រក បានធ្វើឱ្យដំរីអាស៊ីរស់ នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមាន ដល់ស្ថិរភាពយូរអង្វែង របស់ប្រភេទដ៏សំខាន់នេះ។

យោងតាមការប៉ាន់ស្មាន ផែនការ សកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន ៤០,៥លានដុល្លារ ដែលជាគម្រោង ថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នា ទាំងកញ្ចប់ថវិកា រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕

To Top