ភ្នំពេញ ៖ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅហ្សឺណែវ បានថ្លែងថា ជំងឺកូវីដ-១៩ជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ បង្កគ្រោះថ្នាក់ មិនចាញ់ជំងឺនេះដែរ។នេះបើ យោងតាមគេហទំព័រហ្វេសប៊ុក ស្ថានបេសកម្មអចិ៍ន្ដ្រៃយ៍កម្ពុជា ប្រចាំ UN។
ក្នុងកិច្ចសន្ទនាអន្តរកម្ម ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិទទួលបានសេរីភាពនៃគំនិត និងការសម្តែងមតិ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ តំណាងអចិន្រ្តៃយ៍កម្ពុជា បានគូសបញ្ជាក់ថា «មេរោគកូរ៉ូណាវីរុស គឺជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានមិនពិត ក៏បង្កគ្រោះថ្នាក់មិនចាញ់ជំងឺនេះដែរ។ ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត យើងត្រូវចេញផ្សាយនូវការពិត»។
តំណាងអចិន្រ្តៃយ៍កម្ពុជា បន្ដថា ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាផ្ដល់អាទិភាពដល់អ្នកសារព័ត៌មាន នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត ចាប់តាំងពីខែកុម្ភៈ ដើម្បីធានាបានថា អ្នកសារព័ត៌មានអាចបំពេញការងារជួរមុខរបស់ខ្លួនដោយសុវត្ថិភាព និងបន្តផ្ដល់ព័ត៌មានពិតជូនសាធារណជន ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ៕