ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ សំខាន់ៗ ប្រចាំសប្ដាហ៍

សម្តេចតេជោ៖ ជោគជ័យរបស់បក្សប្រជាជន គ្រប់ការបោះឆ្នោតកន្លងមកជា សាក្ខីភាពបញ្ជាក់ច្បាស់ថា ប្រជាជនមានជំនឿទុកចិត្ត យ៉ាងមុតមាំលើបក្ស 

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួបទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជោគជ័យរបស់គណបក្ស ក្នុងគ្រប់ការបោះឆ្នោតកន្លងមក តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ គឺជាសាក្ខីភាពបញ្ជាក់ច្បាស់ថា ប្រជាជនមានជំនឿទុកចិត្តយ៉ាងមុតមាំ លើគណបក្សក្នុងការដឹកនាំ ប្រទេសតាមមាគ៌ាមួយ ដ៏ត្រឹមត្រូវដែលនាំមកសន្តិភាព ស្ថិរភាព ការរីកចម្រើន និងសុភមង្គលរបស់ប្រជាជន ។ នេះបើយោងតាមសារលិខិត របស់សម្តេចតេជោ នាឱកាសខួប៧០ឆ្នាំ នៃការបង្កើតបក្ស (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២១) ។

គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិ របស់ប្រជាជនកម្ពុជាប្រឆាំង ពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ ។

សម្តេចតេជោបន្តថា “ក្នុងនាមគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងកតញ្ញុតាធម៌ ដ៏ជ្រាលជ្រៅបំផុតជូនជន រួមជាតិនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានឃើញច្បាស់សច្ចធម៌នៃ ការដឹកនាំរបស់គណបក្សហើយផ្តល់យុត្តិធម៌ និងការគាំទ្រឥតរង្គោះរង្គើរ ដល់គណបក្សនៅគ្រប់កាលៈទេសៈ ធ្វើឲ្យគណបក្សមានលទ្ធភាព គ្រប់គ្រាន់ក្នុងការបម្រើជាតិ និងប្រជាជន” ។

សម្តេចនាយករដ្ឋមន្រ្តីអះអាងថា ឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ គណបក្សនឹងបន្តពុះពារធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីការពារឯករាជ្យ និងអធិបតេយ្យជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ពង្រឹងលទ្ធិប្រជាធិបតេយ្យ្យចាក់ឫសយ៉ាងរឹងមាំ លើកកម្ពស់សុខដុមនីយកម្មសង្គម និងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ ប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយឡើង ។

សម្តេចក៏បានរំលឹកថា គណបក្សបានដឹកនាំប្រជាជន ធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាច ដើម្បីរំដោះប្រទេសជាតិពីការ ឈ្លានពានត្រួតត្រារបស់ពួកបរទេស និងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិឲ្យមានជីវិត រស់ឡើងវិញទាន់ពេលវេលា ដែលបានបញ្ចប់ទាំងស្រុង សម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងទំព័រប្រវត្តិសាស្ត្រថ្មី នៃការកសាងទឹកដីឡើងវិញ របស់ប្រជាជនយើងលើមាគ៌ាសន្តិភាព បង្រួប បង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

រយៈពេល ៤២ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានទទួលជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសសម្រេចបានសមិទ្ធផល ដ៏ធំធេងក្នុងបុព្វហេតុនៃការការពារ ការរស់ឡើងវិញរបស់ប្រជាជន។

ជាមួយគ្នានេះដែរ សម្តេចក៏បានឲ្យជនរួមជាតិ ក៏ដូចជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យបានម៉ត់ចត់ អំពីវិធានការនានា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដោយចូលរួមចាក់វ៉ាក់សាំងការពារជំងឺនេះ និងបន្តអនុវត្តវិធានការ -៣កុំ ៣ការពារ” ៕

ចិនប្ដេជ្ញាបង្កើន កិច្ចប្រឹងប្រែង បន្ថែមទៀត ផ្តល់វ៉ាក់សាំងមកកម្ពុជា ក្នុងអត្ថន័យស្នូល នៃសហគមន៍ វាសនារួម រវាងចិន-កម្ពុជា

ភ្នំពេញ ៖ ស្របពេលដែលវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញ ពីក្រុមហ៊ុន ស៊ីណូវ៉ាក់របស់ចិន បានដឹកមកដល់កម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា នឹងបង្កើនកិច្ចខិតខំប្រឹង ប្រែងបន្ថែមទៀត ក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ភាគីកម្ពុជា ក្នុងអត្ថន័យស្នូល នៃសហគមន៍វាសនារួម រវាងចិននិងកម្ពុជា ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថានទូតចិន បានសរសេរយ៉ាងដូច្នេះថា ចិនបានផ្តល់វ៉ាក់សាំងកូវីដ ដល់កម្ពុជាជាងដប់លានដូស ។ នាព្រឹកថ្ងៃទី២៨ ខែមិថុនា វ៉ាក់សាំងចិន សម្រាប់ប្រយុទ្ធប្រឆាំងលើជំងឺកូវីដចំនួន ១ លានដូសដែលជាការបញ្ជា ទិញរបស់ភាគីកម្ពុជា​ បានដឹកមកដល់រាជធានីភ្នំពេញ ។ វ៉ាក់សាំងកូវីដ ដែលភាគីចិនបានផ្តល់ជូនភាគីកម្ពុជា រហូតមកដល់ពេលនេះ មានចំនួនលើសពី ១០ លានដូស ។

ស្ថានទូតបន្តថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ប្រជាជនចិន និងកម្ពុជាបានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតបានជាគំរូ សម្រាប់កិច្ច សហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងលើ ជំងឺវីរុសមួយនេះ ។ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់ជំនួយ ឥតសំណង ជាវ៉ាក់សាំងកូវីដដល់កម្ពុជាចំនួន ២.២ លានដូស ទន្ទឹមនឹងនេះភាគីចិន ក៏បានប្រគល់វ៉ាក់សាំងកូវីដចំនួន ៨.៥ លានដូសដែលជាការបញ្ជាទិញ ជូនដល់ភាគីកម្ពុជាផងដែរ ។ វ៉ាក់សាំងចិននឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតភាពស៊ាំក្នុងប្រទេសកម្ពុជាកាន់តែឆាប់រហ័ស។

ទូតចិនបញ្ចាក់បន្ថែមទៀតថា «នាពេលបន្តបន្ទាប់ ភាគីចិននឹងបង្កើនកិច្ច ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ភាគីកម្ពុជា យកសកម្មភាពជាក់ស្តែងបង្ហាញ ពីអត្ថន័យស្នូល នៃសហគមន៍វាសនា រួមរវាងចិននិងកម្ពុជា និងខិតខំអនុវត្ត តាមប្រសាសន៍ ដ៏សំខាន់របស់ ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ដោយចាត់ទុកវ៉ាក់សាំងកូវីដ ជាផលិតផលសាធារណៈសម្រាប់សកលលោក»។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង១១លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ចិន។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ៣,៩៥៥,០៣៣នាក់ ។ ដោយឡែក សម្រាប់លទ្ធផលចាក់វ៉ាក់សាំង គោលដៅ១០លាននាក់ បានចំនួន៣៩.៥៥% ហើយ ៕

លោក Wang Wentian ៖ ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន រឹងមាំជាងមាស

ភ្នំពេញ ៖ “ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា មិនអាចបំបែកបានឡើយ ហើយ សហគមន៍ វាសនារួមរវាងប្រទេសទាំងពីរមុតមាំជាងមាស”។ នេះជាប្រសាសន៍របស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។

លោកថ្លែងបែបនេះ ក្នុងសំណេរអត្ថបទរបស់លោកជាភាសាខ្មែរផង និងចិនផង ចំនួន៦ទំព័រ ដើម្បីអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០០ (១៩២១-២០២១) នៃការបង្កើតគណបក្សកុម្មុយនិស្តចិន។ ទូតចិនប្រចាំកម្ពុជាបានយកមកផ្សាយនាថ្ងៃ២៩ មិថុនា មុនថ្ងៃខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន ក្នុងខែកក្កដា ឆ្នាំ១៩២១ ។

ការយកមផ្សាយនេះ ក្រោយគ្នាមួយថ្ងៃដែលគណបក្សប្រជាជនកម្ពុជាបានអបអរសាទខួបទី៧០ឆ្នាំ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២១) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ២៨ មិថុនា ។ ក្នុងថ្ងៃខួបបង្កើតបក្សប្រជាជនកម្ពុជា៧០ឆ្នាំ ភាគីចិនក៏បានផ្ញើសារអបអរសាទរដល់ភាគីកម្ពុជាផងដែរ ដោយបានបញ្ជាក់ពីភាពស្អិតរមួតជាមួយគ្នាកាន់តែខ្លាំងឡើង ។

ថ្ងៃ២៨ មិថុនា លោក ស៊ី ជីនភីង (Xi Jinping) អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានផ្ញើសារមកកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដោយលោកជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ បក្សប្រជាជនកម្ពុជា នឹងបន្តរួមចំណែកកាន់តែច្រើន និងកាន់តែធំធេងសម្រាប់វិបុលភាពកម្ពុជា។

លោកស៊ី ជីនភីងបានសង្កត់ធ្ងន់ថា ចិន-កម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួមទំនាក់ទំនងទ្វេភាគីបានរក្សាការអភិវឌ្ឍក្នុងកម្រិតខ្ពស់រយៈពេលវែង ។

ក្នុងសំណេរ នាឱកាសខួបលើកទី១០០ របស់បក្សកុម្មុយនិស្តចិន លោក Wang Wentian បានថ្លែងថា “ពួកគេ(ប្រទេសក្នុងពិភពលោក)តែងលាបពណ៌ទៅលើប្រទេសចិន និងគណបក្សកុម្មុយនិស្តចិនឥត ឈប់ឈរ ចង់បំបែកបំបាក់ទំនាក់ ទំនងរវាងគណបក្សកុម្មុយនិស្តចិននិងប្រជាជនចិន ក៏ដូចជាចង់បំផ្លាញទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា ។ ប៉ុន្តែវាត្រូវបានវិនាសទាំងស្រុង។ ពាក្យពេចន៍គំរាមកំហែង និងផ្ដួលរលំចិន តាមក្រោមគ្រប់ទម្រង់ត្រូវបានវិនាស បរាជ័យយូរមកហើយ។ ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា មិនអាចបំបែកបានឡើយ ហើយសហគមន៍វាសនារួមរវាងប្រទេសទាំងពីរមុតមាំជាងមាស” ។

លោកថា ចិនមិនអាចបំភ្លេចបានឡើយ នាគ្រាដំបូងនៃការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសមិនបិទជើងហោះហើរជាមួយចិន មិនរើសអើងប្រជាជនចិន និង ជម្លៀសអ្នកការទូតនិងនិស្សិតខ្មែរចេញពីចិន។ លោកបន្តទៀតថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់ភាគីចិន ហើយសម្តេចតេជោ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនជាបន្ទាន់ ក្នុងដំណើរបញ្ច្រាស ។

ទូតចិនរូបនេះបន្តរៀបរាប់ទៀតថា បន្ទាប់ពីកម្ពុជាផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលនិងយោធាចិនបានចាត់បញ្ជូនក្រុមគ្រូពេទ្យមកកម្ពុជាមុនគេបង្អស់ បានផ្តល់សម្ភារៈទប់ស្កាត់នឹងជំងឺ វីរុសតាមគ្រប់មធ្យោបាយជាច្រើន ។ ទោះបីជាចិនមានតម្រូវវ៉ាក់សាំងដ៏សន្ធឹកសន្ធាប់ក្នុងប្រទេសខ្លួនក៏ដោយ ក៏នៅតែចាត់ទុកកម្ពុជាជាទិសដៅអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង និងបានប្រគល់វ៉ាក់សាំងយ៉ាងច្រើនជូនដល់ភាគីកម្ពុជា ដែលស្មើនឹង៩៥% នៃចំនួនវ៉ាក់សាំងកូវីដសរុបដែលកម្ពុជាទទួលបាន ។

បន្ថែមពីលើនេះ លោក Wang Wentian ឲ្យដឹងទៀតថា ស្ថិតក្រោមលក្ខខណ្ឌនៃជំងឺវីរុសកូដ ពាណិជ្ជកម្មចិន-កម្ពុជាក្នុងឆ្នាំ២០២០បន្តកើនឡើង ទោះបីជាជួបនឹងឧបសគ្គជំងឺវីរុសក៏ដោយ ដែលមានចំនួនទឹកប្រាក់សរុបជាង ៩.៥៦ពាន់លានដុល្លារ។ គម្រោងសំខាន់ៗនៃខ្សែក្រវាត់និងផ្លូវត្រូវបានជំរុញ យ៉ាងរលូនមានដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ និងគម្រោងពហុ កីឡាដ្ឋានជាតិមរតកតេជោជាដើម។ កាលពីខែតុលា ឆ្នាំ២០២០ ចិន-កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រ ហើយផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជាត្រូវបានអនុញ្ញាតនាំចេញទៅទីផ្សារ ចិន និងមានវត្តមានលើតុអាហាររបស់ប្រជាជនចិន ដូចជាផ្លែចេក ស្វាយ និងជលផលជាដើម ។

ចំពោះខួបអនុស្សាវរីយ៍រវាងបក្សទាំង២ គឺគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តចិននៅឆ្នាំ២០២១នេះវិញ លោកថា កាលបរិច្ឆេទនៃខួបអនុស្សាវរីយ៍ទាំងពីរនេះនៅកៀកគ្នា កម្មវិធីទាំងពីរ រៀបចំជាបន្តបន្ទាប់នឹងធ្វើឲ្យបរិយាកាសអបអរសាទរកាន់តែអធឹកអធម។ លោក Wang Wentian ជឿជាក់ ថា ស្ថិតក្រោមសមិទ្ធផលដ៏អស្ចារ្យជាសតវត្សរ៍ដែលចិននិងកម្ពុជា ក៏ដូចជាប្រជាជនទាំងពីរ បានរកឃើញមាគ៌ាអភិវឌ្ឍន៍សមស្របជាមួយស្ថានភាពរបស់ប្រទេសជាតិខ្លួន និងស្ថិតនៅក្រោមការកសាងសហគមន៍វាសនារួម ដោយរួមគ្នា ជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងសមិទ្ធផលសម្រេចបាន នឹងត្រូវចាចារក្នុងប្រវត្តិសាស្រ្តសម្រាប់ចំណងមិត្តភាពកម្ពុជា-ចិន ទាំងនេះ នឹងក្លាយជាប្រវត្តិសាស្រ្តដ៏ល្បីរន្ទឺយ៉ាងអស្ចារ្យជាមិនខាន ៕

សម្ដេចតេជោ ៖ រស្ស៊ី-អាស៊ាន រួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ចៀសវាងផលរំខាន ផ្នែកនយោបាយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានថ្លែងថា រស្ស៊ី-អាស៊ាន ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីចៀសវាងនូវរាល់ផល រំខានផ្នែកនយោបាយទាំងឡាយណា ដែលអាចកើតមានឡើង។

ក្នុងសន្និសីទតុមូល ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវ នៃគណបក្សនយោបាយ រុស្ស៊ី-អាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ សម្ដេចតេជោ មានប្រសាសន៍ថា «យើងត្រូវផ្តោតលើ កិច្ចការចំពោះមុខដែលចាំបាច់បំផុត ពោលគឺការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។ យើងត្រូវចាត់ទុកកិច្ចការនេះ ជាបេសកកម្មរួម របស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាត នៃជំងឺដ៏សាហាវនេះ ហើយយើងក៏គួរចៀសវាងនូវរាល់ផលរំខាន ផ្នែកនយោបាយទាំងឡាយណា ដែលអាចកើតមានឡើង»។

សម្ដេចតេជោបន្ដថា ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ រស្ស៊ី-អាស៊ាន ត្រូវរួមគ្នាជំរុញការងើបឡើងវិញ ប្រកបដោយភាព ធន់ទាំងអស់គ្នា ។ សម្ដេច មានសុទិដ្ឋិនិយមខ្ពស់ថា រុស្ស៊ី-អាស៊ាន អាចរួមគ្នាជាធ្លុងមួយ ក្នុងការសម្រេច បាននូវគោលបំណង តាមរយៈការជំរុញលំហូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រួមទាំងសកម្មភាពផ្សេងៗទៀត ។ ទន្ទឹមនេះ សម្ដេចគូសបញ្ជាក់អំពីសារៈសំខាន់ នៃការចូលរួមរបស់ រុស្ស៊ី ជាមួយនឹងអាស៊ាន ជាពិសេស លើការគាំទ្រការ អនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយ របស់អាស៊ាន (ASEAN Comprehensive Recovery Framework – ACRF) ។

ជាងនេះទៅទៀត សម្ដេចតេជោ លើកឡើងថា ការឆ្លងរាលដាលដ៏ធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ បានកើតឡើង ក្នុងអំឡុងពេល ដ៏លំបាកមួយ ដែលនិន្នាការ ពហុភាគី និយមកំពុងតែស្ថិតនៅក្រោមការ គំរាមកំហែងពីសំណាក់ការ កើនឡើងនៃនិន្នាការ ឯកតោភាគីនិយម ប្រជានិយម និងគាំពារនិយម ។

សម្ដេចថា ការប្រកួតប្រជែង រវាងប្រទេសមហាអំណាចធំៗ បានធ្វើឲ្យស្ថានភាពនេះ កាន់តែមានភាពស្មុគស្មាញ ខណៈដែលស្មារតីល្បែងផលបូកសូន្យ នៃសង្រ្គាមត្រជាក់ថ្មី កំពុងលេចឡើង ហើយសណ្តាប់ធ្នាប់ ពិភពលោកកំពុងត្រូវបានបែងចែក ដោយសារសង្រ្គាម ពាណិជ្ជកម្ម សង្រ្គាមបច្ចេកវិទ្យា និងសង្គ្រាមដោយ តួអង្គតំណាងដ៏ក្តៅគគុក មួយចំនួនទៀត ៕

ប្រធានគ.ជ.បថ្មី ៖ គ.ជ.ប ជាស្ថាប័នមួយដែលត្រូវប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមាន

ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប គឺជាស្ថាប័នមួយដែលត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមាន ។ លោកប្តេជ្ញា នឹងខិតខំប្រឹងប្រែងរៀបចំចាត់ចែង គ្រប់គ្រងនិងកិច្ចការបោះឆ្នោតឲ្យកាន់តែល្អប្រសើរឡើង ។

ការសន្យានេះក្នុងពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសលោកចូលកាន់តំណែងប្រធានថ្មីនៃគ.ជ.ប ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅទីស្តីការគ.ជ.ប ។

លោក ប្រាជ្ញ ចន្ទ បានថ្លែងថា «ខ្ញុំប្តេជ្ញា នឹងខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រៀបចំចាត់ចែង និងគ្រប់គ្រងស្ថាប័នគ.ជ.ប រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឲ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឲ្យការបោះឆ្នោតនីមួយៗ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ»។

លោកក៏សំណូមពរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួបរួមគ្នា ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និត បន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចក្នុងការងារបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក៏ដូចជាអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងជាតិ-អន្តរជាតិ បន្តកិច្ចសហការជាមួយគ.ជ.ប ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តនានាដែលបានដាក់ចេញជាធរមាន សំដៅរួមចំណែកលើកកម្ពស់ការអនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ប្រធានគ.ជ.បថ្មី លើកឡើងទៀតថា គ.ជ.បជាស្ថាប័នមួយត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមានពិសេសច្បាប់ស្តីពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតនានាជាធរមាន ដូចជាលិខិតបទដ្ឋានបទបញ្ជាផ្ទៃបទបញ្ជា និងនីតិវិធីផ្សេងៗដែលបានកំណត់ ឬក៏ត្រូវកំណត់សម្រាប់អនុវត្តក្នុងការចាត់ចែងបោះឆ្នោតនីមួយៗឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ។

សូមជម្រាបថា លោក ប្រាជ្ញ ចន្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា ប្រធាន គ.ជ.បជំនួស លោក ស៊ិក ប៊ុនហុកដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប កាលពីថ្ងៃ២៤ មិថុនា ។ ការចេញព្រះរាជក្រឹត្យតែងតាំងនេះបានធ្វើឡើងបន្ទាប់ពីអង្គសភាបានធ្វើការបោះឆ្នោតទុកចិត្ត លោក ប្រាជ្ញ ចន្ទដោយទទួលបានសំឡេងយល់ព្រមចំនួន៨២សំឡេងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ កាលពីថ្ងៃ ២៤ មិថុនា ។

លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីររូបដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.បទៅកាន់រដ្ឋសភា ហើយត្រូវបានជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជាទៅតាមច្បាប់។

ជាមួយគ្នានេះដែរ លោក មុត ចន្ថា អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ បានថ្លែងថា ដើម្បីបង្កើត ទំនុកចិត្តដល់ភាគីពាក់ព័ន្ធក្នុងការបោះឆ្នោត និងប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោត និងម្ចាស់អំណាច ជាពិសេស ដើម្បីធានាដល់ឯករាជ្យភាព ភាពមិនលម្អៀង និងអព្យាក្រឹតភាពរបស់ស្ថាប័នធម្មនុញ្ញរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ត្រូវតែប្រកាសលាលែងពីសមាជិកភាពទាំងអស់នៅក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យការដឹកនាំស្ថាប័ននេះ អាចធានាបាននូវ «សុចរិតភាព សេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចជឿទុកចិត្តបាន» ក្នុងការរៀបចំនិងគ្រប់គ្រងការបោះឆ្នោត។

លោកថា ក្នុងនាមជាអាប៊ីត ឬអាជ្ញាកណ្តាល លោក ប្រាជ្ញ ចន្ទ ត្រូវតែបង្ហាញពីភាពស្អាតស្អំពីនយោបាយ និងនិន្នាការនយោបាយទាំងអស់ ទោះបីលោកធ្លាប់ជាសមាជិកជាន់ខ្ពស់របស់គណបក្សនយោបាយណាពីមុនមកក៏ដោយ៕

រាជរដ្ឋាភិបាលបន្ដឧបត្ថម្ភប្រាក់ ជូនគ្រួសារក្រីក្រ៣ខែទៀត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ចាប់ពីខែកក្កដា ដល់កញ្ញា ឆ្នាំ២០២១ ខាងមុខ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

រាជរដ្ឋាភិបាលបញ្ជាក់ថា «បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២១ ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត»។

រាជរដ្ឋាភិបាល ក៏បានបន្តតាមដានជាប់ជាប្រចាំក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ នូវស្ថានភាពជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល តំបន់ និងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសធានាចីរភាពនៃភាពស៊ាំសង្គម-សេដ្ឋកិច្ច ក្រោមក្របខណ្ឌផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥០,៣៨៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៤៤,១៤៣នាក់ និងស្លាប់ ចំនួន៦០២នាក់ ៕

អភិបាលរាជធានីភ្នំពេញ ទុកពេល២ខែ ឲ្យអ្នកលក់ម៉ូតូ-រថយន្ត រំលោភចិញ្ចើមផ្លូវ ផ្លាស់ប្តូរទីតាំងថ្មី

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា ទៅឲ្យអាជ្ញាធរខណ្ឌ នៅកណ្ដាលរាជធានីភ្នំពេញ ត្រឹម២ខែ ដោយត្រូវរៀបចំសណ្ដាប់ធ្នាប់ ឲ្យបានល្អប្រសើរ ដោយមិនអនុញ្ញាត ឲ្យលក់ម៉ូតូ លក់រថយន្ត រំលោភយកចិញ្ចើមផ្លូវ សាធារណៈ ដើម្បីធ្វើអាជីវកម្មទៀតនោះទេ ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ ខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានទុករយៈពេល២ខែ ដើម្បីឲ្យម្ចាស់អាជីវកម្មលក់ម៉ូតូ-រថយន្តរុះរើ ឬផ្លាស់ប្តូរទីតាំង ទៅនៅជាយក្រុង នៃរាជធានីភ្នំពេញវិញ ។

លោកឃួង ស្រេង បានលើកឡើងថា “វាល្មមដល់ពេលដែលយើង ត្រូវរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន៥ នៅកណ្ដាលរាជធានីភ្នំពេញ ឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ” ។

អភិបាលរាជធានីភ្នំពេញ បញ្ជាអាជ្ញាធរ ខណ្ឌពាក់ព័ន្ធ នៅកណ្ដាលក្រុង ធ្វើសេចក្តីជូនដំណឹង ឲ្យពលរដ្ឋប្រកបមុខ របរ លក់ម៉ូតូ និងលក់រថយន្តប្រើប្រាស់ចិញ្ចើមផ្លូវ សាធារណៈធ្វើអាជីវកម្មបែបអនាធិបតេយ្យ ត្រូវប្រញាប់រុះរើទីតាំងរបស់ខ្លួន ទៅនៅជាយរាជធានីភ្នំពេញវិញ ដោយទុករយៈពេលឲ្យ២ខែ ។

លោកបន្តទៀតថា មកដល់ពេលនេះ ឈប់និយាយរឿង ប្រើប្រាស់ចិញ្ចើមផ្លូវ ២ភាគ៣ទៀត ហើយ ព្រោះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអនុគ្រោះជាច្រើនឆ្នាំ កន្លងមកហើយ ប៉ុន្តែពលរដ្ឋ មួយចំនួនដូចជាមិនចូលរួម ជាមួយអាជ្ញាធរ រាជធានីភ្នំពេញ ជុំវិញការរៀបចំសណ្ដាប់ធ្នាប់ សាធារណៈនោះទេ ។ ដូច្នេះចាប់ពីពេលនេះតទៅមិនមាន ការអនុញ្ញាតឲ្យប្រើប្រាស់ ចិញ្ចើមផ្លូវ ធ្វើអាជីវកម្មបន្តទៀតទេ ។

លោក លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ពលរដ្ឋអាចធ្វើអាជីវកម្មរកស៊ីលក់ដូរបាន ប៉ុន្តែមិនអនុញ្ញាតឲ្យប្រើប្រាស់ ចិញ្ចើមផ្លូវនោះទេ អាចលក់ម៉ូតូ ឬរថយន្តនៅក្នុងផ្ទះឬ ទីតាំងរបស់ខ្លួន ដោយមិនត្រូវរំលោភ ចិញ្ចើមផ្លូវសាធារណៈជាដាច់ខាន សូម្បីតែ២ភាគ៣ក៏ដោយ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តវិធានការ ទៅតាមផ្លូវច្បាប់ ដោយមិនមានការ លើកលែង ៕

សម្ដេចតេជោ ៖ លោកស្រី យក់ សម្បត្តិ បញ្ចេញឧបករណ៍ តេស្ដរហ័ស មិនគ្រប់គ្រាន់ ស្មើនឹងកងទ័ពចេញ ចម្បាំងគ្មានកាំភ្លើង គ្មានគ្រាប់ 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ចេញឧបករណ៍ធ្វើតេស្ដរហ័ស ទៅបណ្ដាខេត្តនានាមិនគ្រប់គ្រាន់ ស្មើនឹងកងទ័ពចេញចម្បាំងគ្មានកាំភ្លង និងគ្មានគ្រាប់ ដូច្នេះបើខេត្តត្រូវការប៉ុន្មាន ឲ្យខេត្តប៉ុណ្ណឹង កុំទុកក្នុងឃ្លាំង ។

ក្នុងកិច្ចប្រជុំ និងថ្លែងសារពិសេស ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោបានផ្ដាំផ្ញើទៅគ្រប់ច្រកព្រំដែនទាំងអស់ ត្រូវមានឧបករណ៍ធ្វើតេស្ដរហ័ស ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ទាន់ពេលវេលា។ ក្រៅពីធ្វើតេស្ដរហ័ស បើមានករណីសង្ស័យ ត្រូវតេស្ដដោយម៉ាស៊ីនធំៗ ដូច្នេះ ក្រសួងសុខាភិបាល ត្រូវមានវិធានាការឲ្យច្បាស់លាស់។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំទូរស័ព្ទទៅលោកជំទាវ យក់ សម្បត្តិ ខ្ញុំបានប្រាប់ ខ្ញុំថា ទិញយកមកដេកឱបមែន? ខ្ញុំទូរស័ព្ទទៅខេត្ត ខេត្តប៉ុន្មានថ្ងូររហើស សុំ៣០០០ ឲ្យ១០០០ សុំ២០០០ ឲ្យ១០០០ ពីរតនគិរី ឡើងមកយកត្រឹមបាន ១០០០ ក្រសួងឲ្យហើយ តែអាម្ចាស់ឃ្លាំងវាយ៉ាប់ទៅទៀត។ បានខ្ញុំបញ្ជាម៉ាខេត្តយ៉ាងហោចណាស់ឲ្យ១០០០០ ឥឡូវ ស្ថិតិក្នុងឃ្លាំងអាតេស្ដរហ័ស មាននៅសល់ក្នុងឃ្លាំង ចំនួន១លាន ១សែន ៤ម៉ឺន ៤ពាន់»។

សម្ដេចតេជោបន្ដថា ឧបករណ៍ធ្វើតេស្ដរហ័សនៅសល់១លានទៀត នឹងដឹកមកដល់កម្ពុជានាពេលខាងមុខនេះ។ សម្ដេចថា នៅសល់៣សែនទៀត មាននៅក្នុងយុទ្ធសាស្ដ្ររបស់សម្ដេច ដូច្នេះគ្មានរឿងអ្វីនិយាយថា «ខ្វះឧបករណ៍តេស្ដរហ័សឡើយ»។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំបានប្រាប់លោកជំទាវ យក់ សម្បតិ្ត ខ្ញុំថា ធ្វើរបៀបនេះ វាអត់ខុសពីការឲ្យកងទ័ពទៅចម្បាំង ហើយខ្វះគ្រាប់ ខ្វះអាវុធ។ ចឹងរឿងនឹងខ្ញុំតាមមើល ហើយខេត្តបានអរគុណ បានឧបករណ៍ធ្វើតេស្ដរហ័ស គ្រប់គ្រាន់»។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើ មន្ដ្រីក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់ឲ្យបានច្បាស់ អំពីរឿងឧបករណ៍ធ្វើតេស្ដរហ័ស។ សម្ដេចថា ពេលវេលានេះ មិនមែនជាពេលវេលា ស្ដីបន្ទោសឡើយ គឺជាពេលវេលាកែវតម្រូវទាំងអស់គ្នា។ សម្ដេច ចោទសួរ លោកស្រី យក់ សម្បត្តិ ថា សម្ភារៈក្នុងឃ្លាំងទុកធ្វើអ្វី? ខណៈ សម្ដេច និយាយម្ដង បញ្ចេញម្ដង។ សម្ដេចថា ថវិការបស់រាជរដ្ឋាភិបាលមិនខ្វះឡើយ ក្នុងការទិញសម្ភារៈប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្ដេចតេជោ បានឲ្យដឹងទៀតថា ការធ្វើតេស្ដរហ័ស គឺគ្រប់គ្រងមនុស្សបានរហ័ស ទាំងនេះជាយុទ្ធសាស្ដ្រ របស់រាជរដ្ឋាភិបាល។ សម្ដេចថា មូលហេតុអ្វីធ្វើបានជាមន្ដ្រីក្រសួងសុខាភិបាល មិនយល់អំពីកិច្ចការងារទាំងនេះ។ សម្ដេចថា តើមន្ដ្រីក្រសួងសុខាភិបាល យល់យ៉ាងម៉េច?។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា «បើអស់លោកកាន់ការបច្ចេកទេសរបៀបនេះ ខ្ញុំគិតថា មិនគ្រប់គ្រាន់ទេ ត្រូវកែតម្រូវ មិននៅបែបជាអភិរក្សនិយម របៀបនេះតទៅ។ មានរបស់ម៉េចមិនចែកចាយ មិនបំពាក់ ស្រែកម្ដងធ្វើបានម្ដង ស្រែកពីរដង ធ្វើបានពីរដង មិនមែនជាការស្ដីបន្ទោស ពេលវេលានេះ មិនមែនជាពេលវេលាស្ដីបន្ទោសទេ ក៏ប៉ុន្ដែខ្ញុំត្រូវដឹងថា ពេលវេលានេះ គឺជាពេលវេលាដែលខ្ញុំត្រូវធ្វើការកែតម្រូវ»៕

សម្ដេច ស ខេង ផ្ដាំផ្ញើអាជ្ញាធរដោះស្រាយជូនពលរដ្ឋឲ្យទាន់ពេល ព្រោះព្រឹត្តិការណ៍បោះឆ្នោត​ អ្នកនយោបាយអាចយកបញ្ហានានា មកទាញប្រជាប្រិយ៍ភាពរបស់ខ្លួន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅឆ្នាំក្រោយ គឺជាព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ឃុំ-សង្កាត់ដែលអ្នកនយោបាយផ្សេងៗអាចយកបញ្ហាប្រឈម និងទំនាស់នានា ក្នុងមូលដ្ឋាន ឆ្កឹះក្នុងបំណងទាញប្រជាប្រិយ៍ភាព ដូច្នេះ អាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋពីបច្ចុប្បន្ននេះទៅ ។

ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលខេត្តកំពង់ឆ្នាំងថ្មី នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង សម្ដេច ស ខេង បានឲ្យអភិបាលរាជធានី-ខេត្ត បន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវសកម្មភាព ការផ្សព្វផ្សាយព័ត៌មានមិនពិត និងភាពចលាចល ពិសេសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

សម្ដេចក៏បានណែនាំឲ្យអាជ្ញាធរយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ ការពារផលប្រយោជន៍ សាធារណៈ ផលប្រយោជន៍សហគមន៍ និងចៀសវាងការចូលរួមក្នុងសកម្មភាពផ្ទុយពីច្បាប់ដែលធ្វើឲ្យប៉ះពាល់សន្តិសភាព និងស្ថិរភាពនយោបាយ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយជម្លោះនៅមូលដ្ឋានឲ្យបានល្អចៀសវាងឲ្យបាននូវការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។

សម្ដេច ស ខេង មានប្រសាសន៍ថា «នៅឆ្នាំក្រោយ គឺជាឆ្នាំនៃព្រឹត្តិការណ៍បោះឆ្នោតដែលអ្នកនយោបាយផ្សេងៗ អាចយកបញ្ហាប្រឈម និងទំនាស់នានាក្នុងមូលដ្ឋានឆ្កឹះក្នុងបំណងទាញប្រជាប្រិយ៍ភាព ដូច្នេះអាជ្ញាធរ សមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ពីឥឡូវទៅ ដើម្បីគ្រប់គ្រងសភាពការណ៍ ហើយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ឲ្យបានល្អ ដោយមិនត្រូវមានទស្សនខុសឆ្គងថា បញ្ហាទាំងនោះ គឺដោយសារមានពួកប្រឆាំង ឬដោយសារបញ្ហានេះ បញ្ហានោះឡើយ ពោលគឺសំខាន់ត្រូវមើលខ្លួនឯង ថាតើមានបញ្ហាមែនដែរទេ មានប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋឬទេ ហើយបើមានត្រូវដោះស្រាយភ្លាម»។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យខិតខំជំរុញការនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយត្រូវផ្ដល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងប្រកបដោយការជឿទុកចិត្ត , គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ,មានសណ្ដាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

ជាងនេះទៅទៀត ត្រូវគ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង , ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព៕

សម្ដេចតេជោ ប្ដេជ្ញាដោយឥតងាករេ ក្នុងសហប្រតិបត្តិការ ដ៏រឹងមាំរវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សកុម្មុយនីស្តចិន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានធ្វើប្តេជ្ញាចិត្ត ដោយឥតងាករេ ក្នុងការពង្រឹងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាង គណបក្ស ប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ។

តាមសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្ដចិន ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គណបក្សកុម្មុយនីស្ដចិន ខិតខំលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ដោយសម្រេចបាននូវការ លុបបំបាត់ភាពក្រីក្រ និងកសាងសង្គមរីកចម្រើន មធ្យមលើគ្រប់វិស័យ ។ បច្ចុប្បន្ន គណបក្សកុម្មុយនីស្តចិន បាននិងកំពុងប្តេជ្ញាចិត្ត និងខិតខំកសាង សង្គមនិយម ដែលមានចរិកលក្ខណៈចិន សម្រាប់យុគសម័យថ្មី។

សម្ដេចតេជោ ជំនឿយ៉ាងមុតមាំ ចំពោះជោគជ័យដ៏ធំធេង របស់គណបក្សកុម្មុយនីស្តចិន ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ មានលក្ខណៈជាប្រព័ន្ធទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ដែលបានលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់ និងបានផ្តល់ទិសដៅច្បាស់លាស់ ដល់គោលនយោបាយថ្មី សម្រាប់ការអភិវឌ្ឍជាតិ ។

សម្ដេចតេជោ បន្ដថា គណបក្សប្រជាជនកម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមាគ៌ានៃការអភិវឌ្ឍ ប្រកបដោយសន្តិភាព និងគំនិតផ្តួចផ្តើម ដើម្បីកសាងសហគមន៍ ជោគវាសនារួមសម្រាប់មនុស្សជាតិ ដែលបានជំរុញ និងផ្សព្វផ្សាយ នូវនយោបាយការទូត ប្រកបដោយភាព ឈ្លាសវៃរបស់ចិន និងបានជះឥទ្ធិពលដល់អនាគតន ទំនាក់ទំនងអន្តរជាតិ ។ ក្នុងបរិបទនេះ ប្រទេសចិនបានលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងដើម្បីកែលម្អប្រព័ន្ធអភិបាលកិច្ច ពិភពលោក តាមរយៈការធ្វើកំណែទម្រង់នានា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមធ្វើការប្តេជ្ញាចិត្តដោយឥតងាករ៉េ ក្នុងការពង្រឹង និងធ្វើឲ្យស៊ីជម្រៅ នូវទំនាក់ទំងយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន គ្រប់ជាន់ថ្នាក់។ គណបក្សប្រជាជនកម្ពុជា សូមកោតសរសើរយ៉ាងខ្លាំង ចំពោះគំរូថ្មីរបស់ គណបក្សកុម្មុយនីស្តចិន អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស តាមរយៈការលើកកម្ពស់ ការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពី គ្នាវិញទៅមក និងការស្វែងយល់ពីចំណុចរួម ដោយទុកភាពខុសគា្ននៅដោយឡែក»។

គួរកត់សម្គាល់ថា គណបក្សកុម្មុយនីស្តចិន កំពុងបន្តលើកកម្ពស់ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមបណ្តាប្រទេស គណបក្សនយោបាយនានា និងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពសាកល៕

លោកស្រី ឱ វណ្ណឌីន ៖ កម្ពុជាដល់បន្ទាត់ក្រហមហើយ ក្រោយកន្លែងសង្គ្រោះបន្ទាន់អ្នកជំងឺកូវីដ ពេញសឹងគ្រប់កន្លែង

ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានដើរដល់បន្ទាត់ក្រហមហើយ ក្រោយពីកន្លែងសង្គ្រោះបន្ទាន់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ពេញសឹងគ្រប់កន្លែង ជាពិសេសនោះ អ្នកឆ្លងកើនឡើងជារៀងរាល់ថ្ងៃ ផងដែរ។

ក្នុងពិធីប្រគល់ថវិកា៣លានរៀល សម្ភារៈមួយចំនួនទៀត ជូនលោកយាយ អាយុ១០១ឆ្នាំ ដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំកូវីដ-១៩ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្ដចូលរួមការពារខ្លួនពីជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការសុខាភិបាល។

លោកស្រីសង្កេតឃើញថា វិធានការ៣កុំ ៣ការពារ នាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋអនុវត្តនៅមានភាពខ្វះខាតដោយពលរដ្ឋមួយចំនួន គិតថា មិនអីទេ មិនចាំបាច់អនុវត្តឲ្យម៉ត់ចត់ អ្នកខ្លះគិតថា មិនចាំបាច់ពាក់ម៉ាស់ អ្នកខ្លះទៀត យល់ឃើញកូវីដ-១៩ ជាជំងឺផ្ដាសសាយធម្មតា។

លោកស្រីបញ្ជាក់ថា «យើងដឹងហើយ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាងមួយឆ្នាំកន្លះនេះ ចឹងប្រជាពលរដ្ឋយើងហាក់ ដូចជា មានភាពនឿយណាយដែរ ហើយនឿយណាយនេះឯង ប្រសិនបើយើងនូវតែនឿយណាយ យើងមិនគិតថា ការនឿយណាយរបស់យើង វាជំរុញនឹងឲ្យមានការចម្លងខ្លាំង ចឹងប្រឈមគ្រោះថ្នាក់ធំហើយ។ ចឹងសូមឲ្យគិតត្រឡប់មកវិញអ្វីដែលត្រូវប្រកាន់យកពេលនេះ គឺមានវិធានការពារខ្លួន ៣កុំ ៣ការពារ»។

លោកស្រីបន្ដថា «ឥឡូវនេះជាដំណាក់កាលមួយ ដែលយើងកំពុងស្ថិតនៅស្ថានភាពមួយ គឺការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩នេះ របស់យើងនៅកម្ពុជា គឺបានធ្វើដំណើរឆ្ពោះដល់បន្ទាត់ក្រហមហើយ។ ហេតុអីបានជា ខ្ញុំនិយាយ បន្ទាត់ក្រហម ឥឡូវយើងមើលមូលដ្ឋានសុខាភិបាលសាធារណៈរបស់យើង បើយើងនិយាយមួយបែបទៀត មន្ទីរពេទ្យ ហើយមន្ទីរពេទ្យ មានកន្លែងសង្គ្រោះបន្ទាន់ ហើយឥឡូវភាគច្រើនកន្លែងសង្គ្រោះបន្ទាន់ គឺពេញ នៅសល់កន្លែងមួយចំនួនទៀត តែនៅតិចតួចទេ មិនជាច្រើនទេ»។

លោកស្រីពន្យល់ថា កន្លែងសង្គ្រោះបន្ទាន់អ្នកកើតជំងឺកូវីដ-១៩ ពេញអស់នោះ នឹងបញ្ជាក់ឲ្យឃើញថា ការឆ្លងរីករាលដាលនៅសហគមន៍កម្ពុជាកើនឡើង។ លោកស្រីថា គ្រាន់តែប៉ុន្មានថ្ងៃនេះ ករណីឆ្លងជំងឺកូវីដ-១៩ និងករណីអ្នកស្លាប់ កើនឡើងខ្ពស់ដូចគ្នា។ ក្នុងខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងជាង២ម៉ឺននាក់ និងអ្នកស្លាប់ជាង៤០០នាក់។ បច្ចុប្បន្នការឆ្លងជំងឺកូវីដ-១៩មានភាពទូលំទូលាយ ដូច្នេះបើសិនកម្ពុជាខ្វះឧកស៊ីសែនទៀត កាន់តែលំបាកហើយ ដូចនេះត្រូវរួបរួមការពារជំងឺកូវីដ-១៩ បន្ថែមទៀត។

ជាងនេះទៅទៀត លោកស្រី រដ្ឋលេខាធិការ លើកឡើងទៀតថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់បាននាំបន្ថែមការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីកុំឲ្យដើរផុតបន្ទាក់ក្រហម។ កាលណាកម្ពុជាផុតបន្ទាត់ក្រហម ការឆ្លងទ្រង់ទ្រាយធំ នឹងចូលដល់ក្នុងសហគមន៍លែងរកប្រភពឆ្លងឃើញហើយ។ លោកស្រីថា ក្នុងដំណាក់កាលនាពេលបច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ-១៩ មិនអាចឲ្យរលត់បាត់ទាំងស្រុងទេ គឺត្រូវចូលរួមកាន់បន្ថយបន្ដិចម្ដងៗ ហើយត្រូវរៀនសូត្រពីជំងឺកូវីដ-១៩ តាមបែបគន្លងថ្មី ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ។

ឆ្លៀតឱកាសនោះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានណែនាំឲ្យពលរដ្ឋប្រើប្រាស់ឧបករណ៍តេស្តរហ័ស ដែលមានចុះបញ្ជីការច្បាស់លាស់ជាមួយក្រសួងសុខាភិបាល ព្រមទាំង អនុវត្តទៅតាមលក្ខណៈបច្ចេកទេស ព្រោះបើប្រើប្រាស់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអាចមានផលលំបាកចំពោះខ្លួនឯង។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥១,៣៨៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៤៤,៨៥៨នាក់ និងស្លាប់ ចំនួន៦២៨នាក់៕

មន្ដ្រីក្រសួងយុត្តិធម៌ ៖ និស្សិតទាហានខ្មែរ៦រូប ត្រូវអាមេរិក បញ្ចប់ការសិក្សា មុនកំណត់ គឺជានយោបាយការទូត បែបអសីលធម៌

ភ្នំពេញ ៖ បន្ទាប់ពីនិស្សិត ទាហានខ្មែរ៦រូប ត្រូវអាមេរិកបញ្ចប់ការ សិក្សាមុនកំណត់ លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ ចាត់ទុកថា ជានយោបាយការទូត បែបអសីលធម៌របស់អាមេរិក ។

យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចោទសួរថា «នេះបានហៅថា បិតាប្រជាធិបតេយ្យមែន ជំនួយមានចំណង នយោបាយការទូតបែបអសីលធម៌ ខឹងឪពុកម្តាយ ធ្វើអីមិនកើត មកវាយកូនគេជាការព្រមាន»។

យោងតាមការ ចេញផ្សាយរបស់ VOA នាពេលថ្មីៗនេះ បានឲ្យដឹងថា “ទំនាក់ទំនងយោធារវាង កម្ពុជា និងសហរដ្ឋអាមេរិក បានរងផលប៉ះ ពាល់មួយ ជំហានទៀត ក្រោយពីនិស្សិតយោធាកម្ពុជា ចំនួន៦រូប ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យ យោធាចំនួន៤ ត្រូវបានសាលាប្រាប់ថា ពួកគេមិនអាចបន្តការសិក្សាទៀត បានឡើយ ។ ការណ៍នេះ ដោយសារតែកម្ពុជា បាត់បង់ភាពស្របច្បាប់ ក្នុងការទទួលបានការហ្វឹកហ្វឺន ផ្នែកយោធាពីសហរដ្ឋអាមេរិក” ។

VOA បន្តថា ការបញ្ឈប់ឲ្យនិស្សិតកម្ពុជា បញ្ចប់ការសិក្សាមុនការកំណត់នេះ ដោយសារទំនាក់ទំនង ធ្លាក់ចុះរវាង កម្ពុជា-អាមេរិក ។

សូមរំលឹកថា និស្សិត ទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភា យោធាជើងគោក West Point ចំនួន២រូប បណ្ឌិតសភា ទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹក ចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប ៕

To Top