ព័ត៌មានជាតិ

រថយន្ដ ១៤៣គ្រឿង ត្រូវបានឃាត់រក្សាទុក ១ឆ្នាំ ព្រោះដឹកទំនិញលើសទម្ងន់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រថយន្ត ចំនួន១៤៣គ្រឿង ត្រូវបានឃាត់រក្សាទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងតាមសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹង បន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសាធារណការ រៀបរាប់ថា «គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ បានអនុវត្តច្បាប់ ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ចាប់ពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ បានផាកពិន័យ និងឃាត់រក្សាទុករថយន្តរយៈពេលមួយឆ្នាំចំនួន ១៤៣គ្រឿង ដែលជារថយន្តដឹកជញ្ជូនលើសទម្ងន់ លើសពី ២០% នៃទម្ងន់អនុញ្ញាត»។

ក្រសួង បន្ដថា រថយន្តដឹកលើសទម្ងន់ទាំងនោះ ត្រូវបានឃាត់ទុកដោយ ក្រុមការងារក្រសួងចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់ ដែលចុះតាមបណ្តាខេត្តនានា និងគោលដៅដើមទីនៅខេត្តបាត់ដំបង និងស្ថានីយជញ្ជីងអចល័តទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែលើកឡើងថា ក្រសួងនឹងចាត់វិធានការណ៍តាមនីតិវិធីដោយ គ្មានយោគយល់ខ្សែនរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះ នឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូច ដឹកលើសទម្ងន់ឡើយ។ ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ ព្រោះរថយន្តដឹកលើសទាំនោះធ្វើឱ្យខូចផ្លូវដូចគ្នា។

លោក ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិ ឲ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងរកថវិកា មកសាងសង់ដោយលំបាក។

លោក បានទទូចថា «សូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឲ្យផ្លូវឆាប់ខូចមុនអាយុកាលកំណត់ បង្កគ្រោះថ្នាក់ចរាចរណ៍ និងកុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែកក្នុងការកសាង ប្រទេសជាតិមាតុភូមិរបស់យើង ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា»។

ជាងនេះទៅទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលឹកជូនដល់ម្ចាស់រោងចក្រស៊ីម៉ង ដូចជា រោចចក្រស៊ីម៉ង់ CONCH ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ។ ដូច្នេះ ម្ចាស់រោងចក្រស៊ីម៉ង ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់គោរពច្បាប់ និងអនុវត្តឲ្យបានត្រឹមត្រូវ៕

To Top