ព័ត៌មានជាតិ

ទីបំផុត ! សម្ដេច តេជោ អនុញ្ញាតឲ្យម្ចាស់ យកសត្វតោទៅចិញ្ចឹមវិញ តែធ្វេីទ្រុងឲ្យត្រឹមត្រូវបំផុត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យម្ចាស់តោ យកតោទៅចិញ្ចឹមវិញ ហើយធ្វើទ្រុងឲ្យត្រឹមត្រូវបំផុត ដើម្បីធានាសុត្ថិភាពអ្នកនៅជុំវិញ​ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ល្ងាចនេះ ខ្ញុំបានពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថា អនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង»

សម្ដេចតេជោ ក៏អរគុណជនរួមជាតិទាំង ក្នុង និងក្រៅប្រទេស ដែលបានផ្តល់យោបល់ និងអាណិតដល់សត្វតោ ។

សូមរំលឹកថា កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១ អាជ្ញាធរចម្រុះ រាជធានី ភ្នំពេញ រួម មានព្រះរាជអាជ្ញារងម្នាក់ សហការជាមួយអង្គការ Wildlife Alliance បានរឹបអូសសត្វតោចិញ្ចឹមមួយក្បាល នៅក្នុងផ្ទះវីឡា មួយកន្លែង ស្ថិតនៅ ផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ រាជធានី ភ្នំពេញ ។

សត្វតោនោះ ត្រូវ បានដឹងថា ជាសត្វតោឈ្មោល មានអាយុ១៨ ខែ និងទម្ងន់ ៧០គីឡូ ក្រាម ហើយ ក្រោយការដកហូត ក្រុមជួយសង្គ្រោះ បាន បញ្ជូន សត្វ តោ នេះ ទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ប៉ុន្តែតោនោះមិនស៊ីអាហារ អស់រយៈពេលប៉ុន្មានថ្ងៃ៕

To Top