ព័ត៌មានជាតិ

មន្រ្តីធ្វើការ នៅអគ្គនាយកដ្ឋានវិទ្យុជាតិម្នាក់ មានដី១ដុំ តាំងពីឆ្នាំ១៩៧៩ តែមិនអាចសង់ផ្ទះបាន ដោយសារជនអាថ៌កំបាំងម្នាក់

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា មន្រ្តីធ្វើការនៅអគ្គនាយកដ្ឋានវិទ្យុជាតិម្នាក់ មានដី១ដុំ តាំងពីឆ្នាំ១៩៧៩ តែមិនអាចសង់ផ្ទះរស់នៅបាន ដោយសារមានការរារាំង ពីសំណាក់អាជ្ញាធរតាមការទាមទារ របស់ជនអាថ៌កំបាំងម្នាក់ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៤ កក្កដា លោក ដួង តារា បានបញ្ជាក់ថា «ថ្ងៃអាទិត្យនេះ លោក ស៊ូ សុវណ្ណ អាយុ៥៩ឆ្នាំ និងភរិយាបានមកជួបខ្ញុំជាមួយ លិខិតគោរពសុំអន្តរាគមន៍មក សម្តេចតេជោ មេត្តាជួយផ្តល់យុត្តិធម៌ជូនគាត់ អំពីវិវាទដីធ្លីដែលមានជនអាថ៌កំបាំងម្នាក់ បានមករារាំងដល់ការសាងសង់ ផ្ទះរបស់គាត់ តាមរយៈអាជ្ញាធរ» ។

លោក ដួង តារា បន្តថា លោក ស៊ូ សុវណ្ណ សព្វថ្ងៃបម្រើការងារនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។ គាត់បានទទួលដី១ដុំ (៧មx៣០ម) នេះ ហើយបានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ ១៩៧៩ មានទីតាំងនៅភូមិចំបក់ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ជាងមួយឆ្នាំកន្លងផុតទៅហើយគាត់មានបំណងសាងសង់ផ្ទះតូចមួយដើម្បីរស់នៅ ហើយបានទិញឥដ្ឋ ស៊ីម៉ង់តិ៍ដែក…ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយមានការរារាំងពីសំណាក់អាជ្ញាធរតាមការទាមទាររបស់ជនអាថ៌កំបាំងម្នាក់។

ដោយមានបញ្ហារារាំងខាងលើ លោក ស៊ូ សុវណ្ណ បានស្នើសុំទៅមន្ទីរសុរិយោដីខេត្តអោយចុះមកពិនិត្យទីតាំងនិងបានវាស់វែងដើម្បីរៀបចំប័ណ្ណកម្មសិទ្ធជូនគាត់កុំអោយមានបញ្ហា។ ប៉ុន្តែក៏ត្រូវបានជនអាថ៍កំបាំងនោះរារាំងនៅសុរិយោដីស្រុកទៀត។ គាត់ក៏បានទៅទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ចាប់តាំងពីថ្នាក់ភូមិ ឃុំ ដល់ស្រុក ប៉ុន្តែគេបានអោយគាត់រង់ចាំរហូតមកដល់ពេលនេះតែមិនទាន់មានចម្លើយនៅឡើយ។

ក្រោយពីបានជួបគាត់ និងបានពិនិត្យឯកសារពាក់ព័ន្ធមួយចំនួនរួចមក លោក ដួង តារា បានទាក់ទងទៅ លោកអភិបាលស្រុកស្វាយជ្រុំ ដោយបានបញ្ជូនឯកសារមួយចំនួន រួមជាមួយស្នាមម្រាមដៃដែលពលរដ្ឋជាង ៥០គ្រួសារ ផ្តិតមេដៃគាំទ្រទទួលស្គាល់ថា លោក ស៊ូ សុវណ្ណ ពិតជាម្ចាស់ដីរស់នៅអាស្រ័យផលតាំងពីឆ្នាំ ១៩៧៩ពិតប្រាកដមែន។

លោកក៏បានអរគុណលោកអភិបាលស្រុកស្វាយជ្រុំ ដែលទទួលយកសំណើរបស់ពលរដ្ឋ ទៅដោះស្រាយដើម្បីគាត់បានសាងសង់ ផ្ទះរស់នៅផុតបញ្ហាតទៅទៀត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top