ព័ត៌មានជាតិ

អគ្គនាយកស៊ីម៉ាក់ ៖ ប្រហែល ១ភាគ៤ នៃកូនគ្រាប់បែកចង្កោម ទម្លាក់មកលើកម្ពុជា មិនទាន់ផ្ទុះ (Video)

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងថា កូនគ្រាប់បែកចង្កោម ពី២៦លាន ទៅ៣០លាន ដែលត្រូវបានប្រើប្រាស់ លើទឹកដីកម្ពុជា គឺនៅប្រមាណជា១ភាគ៤ នៃតួលេខនេះ មិនទាន់ផ្ទុះនោះទេ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ កកក្កដានេះ លោក ហេង រតនា បានមានប្រសាសន៍ថា គ្រាប់បែកចង្កោម ជាសំណល់ យុទ្ធភណ្ឌ័ពីសង្គ្រាមមួយប្រភេទ នៅកម្ពុជា បរិមាណកូនគ្រាប់បែកចង្កោមតិច ឬច្រើនដែលទម្លាក់នៅទីតាំងនីមួយៗ ទៅតាមប្រភេទមេគ្រាប់បែក ដែលដឹកតាមប្រភេទ យន្តហោះទម្លាក់គ្រាប់បែកនានា ដោយអាចមានចំនួនពីជាង ៤០០កូនគ្រាប់បែកចង្កោមទៅជិត ៧០០គ្រាប់ក្នុងគ្រាប់បែកធំមួយ ។

លោកថា ប្រសិទ្ធភាពផ្ទុះ នៃកូនគ្រាប់បែកចង្កោម មួយគ្រាប់អាចកំទេច សត្រូវនៅលើដី ទំហំផ្ទៃក្រឡា ២០មx២០ម ឬ ១២០ ម x២៤០ម ដោយអាស្រ័យលើកំពស់ទម្លាក់ និងកំរិតស្ថានភាពផ្ទុះរបស់ កូនគ្រាប់បែកចង្កោមនិមួយៗ ។

អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា «នៅចំពោះមុខ នេះបើយោងតាមឯកសារ នានាយើងដឹងថា ចំនួនតួរលេខ នៃកូនគ្រាប់បែក ចង្កោមនេះពី ២៦លានទៅ៣០លាន ត្រូវបានប្រើប្រាស់លើទឹកដី នៃព្រះរាជាណា ចក្រដ៍តូចមួយនេះ។ បើយោងតាមបទពិសោធន៍ របស់យើង អាចវាយតំលៃបានថា ប្រហែលមួយភាគបួន នៃកូនគ្រាប់បែកចង្កោមទាំងនេះ ទម្លាក់មក មិនទាន់ផ្ទុះនោះទេ បើផ្អែកតាមការកំណត់ពី រោងចក្រ ផលិតគ្រាប់បែកនេះ គឺកំរិតកំហុសមិនផ្ទុះមានចំនួនប្រមាណ ៥%» ។

លោក ហេង រតនា បន្ថែមថា ការកំណត់កំរិតកំហុសមិនផ្ទុះ នៃកូនគ្រាប់បែក ចង្កោម របស់អ្នកផលិត និងអ្នកប្រើមិនដូចគ្នាទេ ហើយអ្នកវេទនា គឺអ្នកទទួលរងការទម្លាក់លើ បើវាផ្ទុះគ្រោះថ្នាក់ស្លាប់/ របួសពេលទម្លាក់ តែប្រសិនបើកូន គ្រាប់បែកចង្កោម មិនទាន់ផ្ទុះទេនោះ វាស្ថិតនៅរាយប៉ាយ អាចបន្តបង្កផ្ទុះគ្រោះថ្នាក់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅពេលណាមួយ ដែលមានការប៉ះទង្គិចវា ៕

To Top