ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរយោធា ចំពោះមុខ នៃការរាតត្បាតកូវីដ១៩

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ក្នុងពិធីប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

លោក សូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៅគ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ ចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ទោះជាក្នុងកាលៈទេសៈលំបាក នៃការរាតត្បាត នៃជំងឺកូវីដ-១៩ ជាពិសេសក្នុងឆមាសទី១ ឆ្នាំ២០២១ នេះតែម្តង គឺនៅក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលយើងកំពុង មានការប្រឈមខ្លាំង ។ ក្នុងនេះ ទោះបីមានសកម្មភាពមួយចំនួនយើងមិនអាចអនុវត្តបាន ប៉ុន្តែលចំពោះទ្ធផលការងារជារួម គឺយើងនៅតែអាចរក្សា បាននូវប្រតិបត្តិការ ជាធម្មតា, ការត្រៀមលក្ខណៈរៀបរយក្នុងការ បំពេញភារកិច្ច និងការចូលរួមនៅក្នុងកិច្ចការនានា ទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល, ក្រសួង ការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន កងទ័ពជើងគោក ដោយយើងបាន ខិតខំប្រឹងប្រែង សម្រេចបាន គួរជាទីមោទនៈ ជាពិសេសនៅក្នុងការងារគ្រប់ភារកិច្ចសំខាន់ៗចាំបាច់ចំពោះមុខ ពាក់ព័ន្ធនឹងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក ម៉ាណែត បន្ថែមថា ទោះនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ និងជាប្រធានគណៈកម្មការធិការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំការងារយ៉ាងសកម្ម និងជាប្រចាំក្នុងរយៈពេល ០២ ឆ្នាំកន្លងមកនេះ ដោយបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដូចជាការព្យាបាល និងការរៀបចំធនធានដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមាន ជូនប្រជាពលរដ្ឋ រួមមានការដាក់ឱ្យដំណើរការយន្តការជំនួយសង្គមសម្រាប់ប្រជាជនដែលជួបការលំបាកផ្នែកជីវភាព ជាដើម។

លោកឧត្តមសេនីយ៍ បន្តថា ពាក់ព័ន្ធនឹងការងារលើកកម្ពស់សុខមាលភាពរបស់កងទ័ព ជាពិសេសការ ការពារជំងឺកូវីដ-១៩ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ស្ថាប័ន-កងឯកភាពទាំងអស់ ដែលបានខិតខំអនុវត្តវិធាន សុខាភិបាល ក្នុងការគ្រប់គ្រងកម្លាំងក្នុងរយៈកាលកន្លងមកនេះ និងសូមបង្កើន ការប្រុងប្រយ័ត្នខ្ពស់ និងបន្តរឹតបន្តឹងការ អនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីការពារខ្លួន នៅក្នុងជួរទ័ព, គ្រួសារទ័ព និងសហគមន៍ ។

ជាទិសដៅការងារ បន្តចំពោះមុខ ឆ្លើយតបនឹងបទបញ្ជា ជាយុទ្ធសាស្ត្រថ្មីៗរបស់ សម្តេចតេជោ ក៏ដូចជាគោលការណ៍ ណែនាំរបស់ក្រសួងការពារជាតិ លើកិច្ចការនេះ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានសម្រេចដាក់ចេញនូវគោលការណ៍ ភារកិច្ចជាក់ស្តែងមួយចំនួន ដូចខាងក្រោម៖

  • កម្លាំងទាំងអស់ នៅតាមព្រំដែន ត្រូវសហការជាមួយ សមត្ថកិច្ចគ្រប់ជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យរាល់ការ ចេញចូលរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី ។
  • អង្គភាពទាំងអស់ ត្រូវបន្តចាត់វិធានការការពារ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអង្គភាព តាមរយៈការគ្រប់គ្រង កម្លាំងឱ្យបានហ្មត់ចត់, ការត្រួតពិនិត្យការចេញ-ចូល, ការរៀបចំកន្លែងចត្តាឡីស័ក និង កន្លែងព្យាបាលកម្រិតស្រាល។
  • ត្រូវប្រុងប្រៀបរៀបចំ ធ្វើតេស្តដល់យោធិន នៅតាមបណ្តា អង្គភាព ដោយយកចិត្តទុកដាក់ ជាពិសេសដល់កម្លាំង ទាំងអស់ ដែលចេញប្រតិបត្តិការ តាមច្រកព្រំដែន, ពេទ្យយោធា, កម្លាំងចូលរួមចាក់វ៉ាក់សាំង និងកម្លាំងដែលចូលរួមប្រតិបត្តិការ ក្នុងតំបន់មានហានិភ័យខ្ពស់ ដូចជាតំបន់ក្រហម ជាដើម។
  • បន្តភារកិច្ច ដែលបានអនុវត្តកន្លងមក ក៏ដូចជាត្រៀមកម្លាំង ដើម្បីចូលរួមអនុវត្តភារកិច្ច នៅពេលមានបទបញ្ជា ដូចជា៖ ការរៀបចំក្រុមគ្រូពេទ្យ, ការចូលរួម ក្នុងការការពារ និង រក្សាសន្តិសុខ នៅតាមមណ្ឌលចត្តាឡីស័ក, ការចូលរួការបិទខ្ទប់ នៅតាមបណ្តារាជធានី-ខេត្ត និងការដឹកជញ្ជូន ពលករ ត្រលប់មកពីបរទេស ។
  • បន្តចូលរួម និងត្រៀមចូលរួមនៅក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ តាមផែនការ របស់រាជរដ្ឋាភិបាល។
To Top