ភ្នំពញ៖ លោក ប្យ៊ន់ ហេគម៉ាក (Björn Häggmark) ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា បានបញ្ជាក់ថា ស៊ុយអែត នឹងបន្តជួយសាលាក្តីខ្មែរក្រហម រហូតដល់សាលាក្តីនេះ បានបញ្ចប់ភារកិច្ចសព្វគ្រប់។

ក្នុងឱកាសអនុញ្ញាតឲ្យ លោក ប្យ៊ន់ ហេគម៉ាក ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី៥ កក្កដានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសខ្មែរ បានរំលឹកពីប្រវត្តិទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែលប្រទេសស៊ុយអែត បានផ្តល់មកកម្ពុជា ជាពិសេស គឺការអនុញ្ញាតិអោយកម្ពុជា បើកការិយាល័យតំណាងនៅស៊ុយអែតក្រោយពីកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលស៊ុយអែត ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិរបស់ស៊ុយអែត ក្នុងវិស័យកសិកម្ម អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈការងារ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកំណែទម្រង់ថ្នាក់ក្រោមជាតិនៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយនាំមុខគេតាំងពីឆ្នាំ២០០៦ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា “ស៊ុយអែតក៏នឹងបន្តជួយសាលាក្តីខ្មែរក្រហមរហូតដល់សាលាក្តីនេះបានបញ្ចប់ភារកិច្ចសព្វគ្រប់” ។
លោកទូត ក៏បានឯកភាពថា ប្រទេសកម្ពុជា និងស៊ុយអែតពិតជាមានទំនាក់ទំនងពិសេសយូរអង្វែង ចាប់ពីស្ថានភាពលំបាករហូតដល់បច្ចុប្បន្ន។ ដោយឡែក ស៊ុយអែតបានស្នើសុំជាផ្លូវការបើកស្ថានកុងស៊ុល កិត្តិយសនៅភ្នំពេញ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អលើគ្រប់ វិស័យ ទោះបីជារដ្ឋាភិបាលស៊ុយអែតបានសម្រេចបិទស្ថានឯកអគ្គរាជទូតនៅទីក្រុងភ្នំពេញ ដែលបណ្តាល មកពីការធ្វើកំណែទម្រង់ និងសម្ពាធផ្នែកថវិការបស់ស៊ុយអែតយ៉ាងណាក៏ដោយ ក៏ស៊ុយអែតនៅតែបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតស៊ុយអែតដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក និងការិយាល័យតំណាងនៅភ្នំពេញ ដែលមានបុគ្គលិកមកពីទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ស៊ុយអែត (Swedish International Development Cooperation Agency -SIDA) នៅភ្នំពេញ និងតាមរយ:កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ចំពោះមុខ សម្រាប់ឆ្នាំ ២០២២-២០២៦ ដែលយកចិត្តទុកដាក់នឹងការលើកកម្ពស់សិទ្ធិមនុស្ស និង ស្ថាប័នប្រជាធិបតេយ្យអនុលោមតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ព្រមជាមួយនេះ ភាគីទាំងពីរចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជម្នះជំងឺរាតត្បាតកូវីដ-១៩ ទន្ទឹមនឹងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាក់ថ្នាំបង្ការជូនប្រជាពលរដ្ឋបាន ៤៥% គិតត្រឹមថ្ងៃទី៤ ខែកក្កដា កន្លងទៅនេះ។
តួអង្គសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ដែលអំណោយផលដល់កម្ពុជា គឺក្រុមហ៊ុនកាត់ដេរ H&M ដែលមានបំណងបន្តវត្តមាននៅកម្ពុជា ហើយយកចិត្តទុកដាក់នឹងការអភិវឌ្ឍប្រកបដោយចេរភាព ក្នុងនោះ គឺការយកចិត្តទុកដាក់នឹងការប្រែប្រួលអាកាសធាតុ ដោយគោរពការពារបរិស្ថាន ប្រើប្រាស់ថាមពលដែលកកើតឡើងវិញបាន លក្ខខ័ណ្ឌការងារ ការបណ្តុះបណ្តាលពលករ និងការគោរពយេនឌ័រ។
ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានពិភាក្សាប្តូរយោបល់គ្នាផងដែរលើប្រធានបទផ្សេងៗដូចជាបញ្ហាតំបន់ រួមមានបញ្ហាអាស៊ាន ដូចជាការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការធ្វើប្រធានអាស៊ាន បញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងឥណ្ឌូប៉ាស៊ីហ្វិក។ ដោយឡែកលើបញ្ហាសកល ភាគីទាំងពីរមានជំហរដូចគ្នាលើការពង្រឹងពហុនិយម និងការគោរពគោលការណ៌ និងច្បាប់អន្តរជាតិ ៕
