ព័ត៌មានជាតិ

កម្ពុជា មិនខ្វះអុកស៊ីសែន សម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ឡើយ

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មិនទាន់ខ្វះអុកស៊ីសែន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ឡើយ គឺមានគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺ។

លោកស្រីរដ្ឋលេខាធិការ លើកឡើងបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋ មួយចំនួននិយាយថា ដោយសារ ខ្វះអុកស៊ីសែន សម្រាប់ព្យាបាល អ្នកកើតជំងឺកូវីដ-១៩ ទើបក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កម្ពុជា មានអ្នកស្លាប់ដោយជំងឺកូវីដកើន ឡើងជាបន្តបន្ទាប់។ ៣ថ្ងៃមកនេះ កម្ពុជាមានអ្នកស្លាប់ ដោយកូវីដ-១៩ជិត១០០នាក់ ខណៈអ្នកស្លាប់ទាំងអស់មាន ចំនួន៧៤៨នាក់គិតមកត្រឹមថ្ងៃ៥ កក្កដា ។

ក្នុងពិធីទទួលវ៉ាក់សាំង១លានដូស នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា «យើងអត់ទាន់មានការខ្វះអុកស៊ីសែនទេ ចឹងរាជរដ្ឋាភិបាល និងអនុគណៈកម្មាធិការទាំងអស់ ជាពិសេស អ្នកពាក់ព័ន្ធទាំងអស់ កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដទូទាំងប្រទេស ទាំងរាជធានីភ្នំពេញ ទាំងបណ្ដាខេត្ត យើងមិនទាន់មានការខ្វះខាត អុកស៊ីសែនទេ»។

លោកស្រីបន្ដថា អ្នកពាក់ព័ន្ធទាំងអស់ កំពុងតែរួបរួមគ្នាទប់ស្កាត់ការឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាពិសេស ក៏បន្ដទប់ស្កាត់ការ នាំចូលជំងឺកូវីដ-១៩ ពីប្រទេសជិតខាង។

ឆ្លៀតឱកាសនោះ លោកស្រីរដ្ឋលេខាធិការ ក៏បានលើកឡើងថា កម្ពុជាមិនខ្វះវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ដែរ ហើយវ៉ាក់សាំងនឹងមកដល់កម្ពុជា ជាបន្ដបន្ទាប់នាពេលខាងមុខនេះ សម្រាប់ចាក់ប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ។ ដោយឡែក ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះវិញ ក៏កំពុងដាក់ដំណើរ ដោយមានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបន្ថែមថា រហូតដល់ពេលនេះ មិនទាន់ដកក្របខណ្ឌ ចំពោះគ្រូពេទ្យស្ម័គ្រចិត្តណាមួយឡើយ ប៉ុន្ដែពួកគាត់ ត្រូវអនុវត្តការងារទៅតាមគោលការណ៍ ។ លោកស្រីថា នាពេលកន្លងមក គ្រូពេទ្យទាំងអស់ បានអនុវត្តការងារ របស់ខ្លួនយ៉ាងត្រឹមត្រូវបំផុត។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៥,១៨៧នាក់ និងអ្នកជាសះស្បើយ ចំនួន ៤៧,៣៨៦នាក់ ៕

To Top