ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា បច្ចេកវិទ្យាឌីជីថល កំពុងតែវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងជួយសម្រួលការងារយ៉ាងច្រើន ជាពិសេស អំឡុងពេលកូវីដ-១៩ ទាំងនៅកម្ពុជា និងពិភពលោក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល «ជំនាញឌីជីថលចាំបាច់» (Digital Skill Essential) ជូនមន្ត្រីរាជការ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា «បច្ចេកវិទ្យាឌីជីថល កំពុងតែវិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលអាចជួយសម្រួលកិច្ចការប្រចាំថ្ងៃយ៉ាងច្រើន ជាពិសេស ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា តំបន់ និងសកលលោក»។
លោកបន្ដថា ហេតុដូច្នេះ រាជរដ្ឋាភិបាល វិស័យឯកជន និងបុគ្គលម្នាក់ៗ ត្រូវត្រៀម លក្ខណៈរួចជាស្រេច ដើម្បីចាប់យកកាលានុវត្តភាពថ្មី នៃបរិវត្តកម្មឌីជីថល ក្នុងការជំរុញសម្ទុះកំណើន សេដ្ឋកិច្ចថ្មី (សេដ្ឋកិច្ចឌីជីថល) ក៏ដូចជាលើកកម្ពស់សុខភាព សាធារណៈតាមគន្លងថ្មី។
លោករដ្ឋមន្ត្រីបានបញ្ជាក់ពីជំហរច្បាស់លាស់ ក្នុងការយកចិត្តទុកដាក់លើមន្ត្រី ដែលមានក្រមសីលធម៌ វិជ្ជាជីវៈ សមត្ថភាព ឧស្សាហ៍ព្យាយាម និងឆន្ទៈខ្ពស់តាមរយៈការរៀបចំយន្តការ លើកទឹកចិត្តផ្សេងៗ ដូចជា ការផ្ដល់ការលើកទឹកចិត្តបន្ថែម លើកម្រិតចំណេះដឹង និងលទ្ធផលការងារ ព្រមទាំងការ តែងតាំងជាដើម ៕