នយោបាយ

ព្រះមហាក្សត្រខ្មែរ ៖ ចំណងមិត្តភាពកម្ពុជា-អាមេរិក នឹងត្រូវបានពង្រឹង បន្ថែមទៀត

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានបង្ហាញទឹកព្រះទ័យ សង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃទំនាក់ទំនងរវាងកម្ពុជា-អាមេរិកនឹងត្រូវបានពង្រឹង បន្ថែមទៀត ។

នេះបើយោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រ ផ្ញើអបអរសាទរ ជូនចំពោះលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក នាថ្ងៃឯករាជ្យ របស់អាមេរិក ខួបលើកទី២៤៥ឆ្នាំ ។

ព្រះរាជសារ របស់ព្រះមហាក្សត្រចុះថ្ងៃ១ កក្កដា បានបង្ហាញបានឲ្យដឹងថា ក្រៅពីការសម្តែងទឹកព្រះទ័យ អបអរសាទរហើយនោះ ព្រះមហាក្សត្រខ្មែរ ក៏បានបង្ហាញទឹកព្រះទ័យសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអាមេរិក ត្រូវបានពង្រឹងបន្ថែមទៀត។

ព្រះមហាក្សត្រគូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានជាយូរមកហើយ រវាងប្រទេសយើងទាំងពីរ នឹងត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីជាប្រយោជន៍ ដល់ប្រជាជនយើងទាំងពីរ» ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានជូនពរ លោក ចូ បៃដិន មានសុខភាពល្អ និងសន្តិភាពនៅក្នុងចិត្ត និងភាពរុងរឿងបន្តមានដល់សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ថ្ងៃ៤ កក្កដា គឺជាថ្ងៃដ៏សែនរីករាយ របស់ប្រជាជាតិអាមេរិក ដណ្តើមបានឯករាជ្យរំដោះខ្លួន ចេញពីអាណានិគមអង់គ្លេស បានទាំងស្រុង កាលពីឆ្នាំ១៧៧៦ ។ ប្រជាជាតិអាមេរិក ទាំងក្នុងប្រទេស និងនៅតំបន់នានា លើពិភពលោក តែងតែប្រារព្ធថ្ងៃ ដែលពួកគេដណ្តើម បាននូវ សិទ្ធិសេរីភាពមកវិញ ។ នៅឆ្នាំ២០២១នេះ អាមេរិកទោះបីស្ថិតក្នុងពេល នៃការរាតត្បាតជំងឺកូវីដ១៩ យ៉ាងណាក្តី តែរដ្ឋាភិបាលអាមេរិកនៅតែប្រារព្ធពិធីនេះឡើងយ៉ាងឱឡារិក ។

គួររំលឹកដែរថា ថ្មីៗនេះ កម្ពុជា-អាមេរិកហាក់មានភាពល្អក់កករជាមួយគ្នា ក្រោយភាគីអាមេរិក បញ្ឈប់ឲ្យនិស្សិតយោធាកម្ពុជា៦រូប បញ្ចប់ការសិក្សាមុនការកំណត់ ។ និស្សិតខ្មែរទាំង៦រូបនេះ គឺកំពុងសិក្សានៅបណ្ឌិតសភា យោធាជើងគោក West Point ចំនួន២រូប បណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប ។

បន្ទាប់ពីការបញ្ឈប់នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញមករ៉ាប់រងបង់ថ្លៃសិក្សា ឲ្យពួកគេដើម្បីឲ្យបញ្ចប់ការសិក្សា ដោយជោគជ័យ ។ បើតាមគម្រោង ពួកគេទាំង៦នាក់នេះ មានអ្នកខ្លះនឹង បញ្ចប់ការសិក្សា នៅឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ចំពោះការបង់ថ្លៃ ដើម្បីឲ្យបញ្ចប់ការ សិក្សាចប់ដើមចប់ចុងនេះ ប្រហែលជាង១លានដុល្លារ ៕

To Top