ព័ត៌មានជាតិ

លោក យង់ សាំងកុមារ ៖ ក្រសួងវប្បធម៌គួរពន្យល់ករណីថៃសាងសង់ប្រាសាទយកលំនាំប្រាសាទអង្គរខ្មែរ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក យង់ សាំងកុមារ បានស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា គួរជួយពន្យល់ក្នុងករណីភាគីថៃកំពុងចម្លង ឬសាងសង់ប្រាសាទយកលំនាំតាមប្រាសាទអង្គរខ្មែរ។ ការស្នើរបស់លោកនេះបានធ្វើឡើងតាមបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ៦ កក្កដា ។

ថ្មីៗនេះ មានការបង្ហោះព្រោងព្រាតតាមបណ្តាញសង្គមបង្ហាញពីថៃ មានគម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ ។ ប្រាសាទអង្គរវត្តទី២ បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថា នឹងបញ្ចប់ការសាងសង់នៅរវាង៧ទៅ៨ឆ្នាំទៀត។ នេះបើតាមការចេញផ្សារឮរបស់គេហទំព័រ Tourism Cambodia។

នៅវត្តភូម៉ានហ្វា ក៏ត្រូវបានគេដឹងថា បានកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយដែរ។

សូមបញ្ជាក់ថា ច្បាប់អន្តរជាតិមាត្រា៦ស្ទួន មាត្រា១០ និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ គឺមិនអាចអនុញ្ញាតឲ្យមានការសាងសង់ចម្លងតាមបែបនេះបានទេ ៕

To Top