ព័ត៌មានជាតិ

ក្នុងកិច្ចប្រជុំពិសេសអាស៊ាន-រុស្ស៊ី កម្ពុជា សង្កត់ធ្ងន់ពីសារសំខាន់នៃការជំរុញវ៉ាក់សាំង ឲ្យក្លាយជាទំនិញ សាធារណៈសកល(Video)

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ី នៅថ្ងៃទី៦ កក្កដានេះ លោក ប្រាក់​ សុខុន ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីការបរទេសកម្ពុជា​ បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃ ការជំរុញវ៉ាក់សាំង ឱ្យក្លាយជាទំនិញ សាធារណៈសកល និងការចូលរួមរបស់រុស្ស៊ី ។

យោងតាមសេចក្ថីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំនេះបានផ្តល់ នូវឱកាសដើម្បីពិនិត្យ នូវសមិទ្ធផលនៃទំនាក់ទំនង អាស៊ាន-រុស្ស៊ី ដែលសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំកន្លងមក និងតាមដានលើលទ្ធផល នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស អាស៊ាន-រុស្ស៊ី ស្តីពីជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅ កាលពីឆ្នាំមុន។ រដ្ឋមន្រ្តីការបរទេស បានពិភាក្សាអំពីបញ្ហានានា ដែលពាក់ព័ន្ធនឹងនិម្មាបនកម្មតំបន់ និងបានរំលឹកឡើងវិញ នូវទស្សនៈរួមគ្នា អំពីសារៈសំខាន់ នៃការពង្រីក ទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើបញ្ហាដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួម ជាពិសេសកិច្ចសហប្រតិ-បត្តិការ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

អំពីកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋមន្រ្តីអាស៊ានបានលើកទឹកចិត្ត ដល់ប្រទេសរុស្ស៊ី ឱ្យគាំទ្រយន្តការឆ្លើយតប តំបន់ចំពោះជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីថែរក្សាឲ្យបាននូវ វ៉ាក់សាំងពហុភាគីនិយម និងការទទួលបានវ៉ាក់សាំង ប្រកបដោយសមធម៌ ។ អាស៊ានបានសង្កត់ធ្ងន់ លើតម្រូវការចាំបាច់​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​ ជាក់ស្តែង​សម្រាប់ការ​ស្ដារឡើងវិញ​ក្រោយជំងឺរាតត្បាត ឱ្យបានគ្រប់ជ្រុងជ្រោយ ​រួមមាន​តាមរយៈការពង្រឹងពាណិជ្ជកម្ម​និងវិនិយោគ​ការគាំទ្រ ដល់​ការស្ដារវិស័យទេសចរណ៍ ​ការបើកដំណើរការតភ្ជាប់​និងការផ្លាស់ប្តូររវាង​ប្រជាជន និងប្រជាជន​និងការពង្រឹង កិច្ចសហប្រតិបត្តិការ​ក្នុងការត្រៀម​និងការឆ្លើយតប​ នឹងជំងឺរាតត្បាត។

 កិច្ចប្រជុំក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់ នៃមជ្ឈភាពរបស់អាស៊ាន និងបានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការ ពង្រឹងនិម្មាបនកម្មតំបន់ ដោយយកអាស៊ានជាស្នូល ដែលបើកចំហ មានតម្លាភាពបរិយាប័ន្ន និងឈរលើគោលការណ៍ច្បាប់។ រដ្ឋមន្រ្តីបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ នៃយន្តការដឹកនាំ ដោយអាស៊ាន ដែលមានស្រាប់ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ។ រដ្ឋមន្ត្រី បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការអនុវត្តផែនការ សកម្មភាព ឆ្នាំ២០២១-២០២៥ ប្រកបដោយប្រសិទ្ធភាព និងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូល អាស៊ាន-រុស្ស៊ី លើកទី៤ នៅខែតុលា ឆ្នាំ២០២១ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី២៥ នៃទំនាក់ទំនងសន្ទនា អាស៊ាន-រុស្ស៊ី។

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីចំណងមិត្តភាព យូរអង្វែងរវាងអាស៊ាន និងរុស្ស៊ី និងអំពីការគាំទ្រយ៉ាងរឹងមាំ របស់រុស្ស៊ីចំពោះមជ្ឈភាពអាស៊ាន ដែលបានឆ្លុះបញ្ចាំង តាមរយៈការចូលរួមយ៉ាងសកម្ម របស់រុស្ស៊ី នៅក្នុងយន្តការនានា ដែលដឹកនាំដោយអាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញវ៉ាក់សាំងឱ្យក្លាយជា ទំនិញសាធារណៈសកល និងការចូលរួមរបស់រុស្ស៊ី ជាពិសេសក្នុងការគាំទ្រ ដល់ការអនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន ក្នុងគោលបំណងពន្លឿនដំណើរការ នៃការស្តារឡើងវិញ ក្រោយជំងឺរាតត្បាត និងបង្កើនភាពរឹងមាំ។ នៅក្នុងន័យនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់រុស្ស៊ី ឱ្យបង្កើនការចូលរួមកម្រិតជាន់ខ្ពស់ និងកិច្ចសន្ទនាប្រកបដោយ ការស្ថាបនានៅក្នុងក្របខ័ណ្ឌអាស៊ាន សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានចែករំលែកជាមួយកិច្ចប្រជុំ អំពីផែនការស្តារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ឆ្នាំ២០២១-២០២៣ របស់ប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមក្នុង រយៈពេលខ្លីខាងមុខនេះ និងបានស្វាគមន៍ការកំណត់ របស់ប្រទេសរុស្ស៊ី សម្រាប់ឆ្នាំ ២០២២-២០២៣ ជា «ឆ្នាំនៃវិទ្យាសាស្ត្របច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ ឧស្សាហកម្មអាស៊ាន-រុស្ស៊ី»។

កិច្ចប្រជុំបានស្វាគមន៍ ការបញ្ចប់ការចរចារលើផែនការ សកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជា ដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១-២០២៥ ដែលដាក់ចេញនូវអាទិភាព និងវិធានការណ៍ ដើម្បីធ្វើឲ្យកាន់តែរឹងមាំ នូវភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។

រដ្ឋមន្ត្រីអាស៊ាន និងរុស្ស៊ី នឹងមានជំនួបម្តងទៀត នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-រុស្ស៊ី នៅខែសីហា ឆ្នាំ២០២១ ដែលក្រោយកិច្ចប្រជុំនោះ កម្ពុជានឹងទទួលភារកិច្ចបន្ត ពីប្រទេសឥណ្ឌូនេស៊ី ធ្វើជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-រុស្ស៊ី សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ (ចាប់ផ្ដើមពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៤) ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×