ព័ត៌មានជាតិ

ក្រសួងសាធារណការ ស្នើភាគីពាក់ព័ន្ធកាត់បន្ថយចំណាយថវិកា តែរក្សាគុណភាពផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបឲ្យរឹងមាំ

ភ្នំពេញ៖ លោក សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរភាគីពាក់ព័ន្ធជួយកាត់ បន្ថយចំណាយថវិកាសន្សំរបស់ជាតិ ចំពោះការសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប៉ុន្ដែត្រូវរក្សាគុណ ភាពផ្លូវ និងប្រើប្រាស់យូរអង្វែង។

ក្នុងកិច្ចប្រជុំចរចាថ្លៃការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក សួង ហេង បានថ្លែងថា «សំណូមពរឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជួយកាត់បន្ថយការចំណាយថវិកា សន្សំរបស់ជាតិឲ្យអស់តិច តាមដែលអាចធ្វើទៅបាន ប៉ុន្តែត្រូវរក្សាបាននូវគុណភាពផ្លូវរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង និងបានស្នើឲ្យជួយពន្លឿនការរៀបចំកិច្ចសន្យា ការងារសាងសង់ ដើម្បីអាចបើកផ្ដល់ថវិកាជូន ដល់អង្គភាពសាងសង់ ទាំងអស់តាមពេលកំណត់»។

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សម្រេចលទ្ធផលការងារ បាន៦៣,៨៧%ហើយ។ គម្រោងនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ជាង១៤៩លានដុល្លារអាមេរិក ចំណាយពេលសាងសង់ ចំនួន១៣ខែ គ្រោងនឹងបញ្ចប់ ចុងឆ្នាំ២០២១ ៕

To Top