ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា កំពុងពង្រីក កិច្ចអន្ដរាគមន៍ លើសុខភាពបន្ដពូជ (Video)

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងខិតខំ ប្រឹងប្រែងពង្រឹង និងពង្រីកកិច្ចអន្តរាគមន៍ លើផ្នែកសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេស លើការលើកកម្ពស់ ក្នុងតំបន់ជួបប្រទះកង្វះខាត ។

តាមរយៈសារលិខិត ក្នុងឱកាសទិវាប្រជាជនពិភពលោក លើកទី៣២ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចេញផ្សាយនាពេល ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីវិស័យសុខភាពសាធារណៈ ជាពិសេស សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ គឺរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ តាំងពីមុនការផ្ទុះឡើង នៃជំងឺកូវីដ-១៩មកម្ល៉េះ។

សម្ដេចតេជោ បន្ដថា ជាក់ស្ដែង ការដាក់ចេញយុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ២០១៧-២០២០ សំដៅផ្តល់ អាទិភាព ដល់វិស័យ សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដោយធានាថា ប្រជាជនទាំងអស់នៅកម្ពុជា ទទួលបានអត្ថប្រយោជន៍ កាន់តែច្រើនពីយុទ្ធសាស្ត្រនេះ ជាពិសេស សិទ្ធិអំពីសុខភាពបន្តពូជ និងសុខភាពផ្លូវ ភេទរបស់ស្ត្រី និងក្មេងស្រី ។

សម្ដេចតេជោបន្ថែមថា យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ បន្តផ្តោតការយកចិត្ត ទុកដាក់លើការបង្កើនការគ្របដណ្តប់ គុណភាព និងការប្រើប្រាស់កិច្ចអន្តរាគមន៍ ដែលបង្ហាញពីប្រសិទ្ធភាព ក្នុងការលើកកម្ពស់សុខភាពនិងសិទ្ធិបន្តពូជ និងផ្លូវភេទ ក្នុងការកាត់បន្ថយការស្លាប់របស់ម្តាយ។

សម្ដេចតេជោមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល និងស្ថាប័ន ពាក់ព័ន្ធ បាននិងកំពុង ខិតខំប្រឹងប្រែង ពង្រឹងនិងពង្រីក កិច្ចអន្តរាគមន៍ លើផ្នែកសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដោយផ្តោតការ យកចិត្តទុកដាក់ ជាពិសេស លើការលើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវា នៅក្នុងតំបន់ដែលកំពុងជួបប្រទះកង្វះខាត ដូចជា តំបន់ភាគខាងជើង និងឦសាននៃប្រទេស ក៏ដូចជា នៅក្នុងចំណោម ក្រុមងាយរងគ្រោះនានា ដូចជា យុវវ័យ ក្រុមជនជាតិដើមភាគតិច កម្មករចំណាកស្រុក (រួមទាំងកម្មករកាត់ដេរ កម្មករសំណង់ អ្នកធ្វើការក្នុងសេវាកំសាន្ត និងកម្មករកសិកម្ម) និងជនពិការ»។

សម្ដេចតេជោបញ្ជាក់ថា ឆ្លើយតបទៅនឹងស្ថានភាព នៃការរីរាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានបន្តជំរុញអនុវត្តគោលនយោបាយគាំពារសង្គម និងបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយ សង្គមបន្ថែមទៀត សំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ដែលមានជីវភាពក្រីក្រ ជាពិសេសស្ត្រីនិងក្មេងស្រី។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា តាមការវាយតម្លៃរបស់មូលនិធិសហប្រជាតិសម្រាប់ប្រជាជន (UNFPA) លើទិន្នន័យដែលមានស្រាប់ ដែលភាគច្រើនបានមកពីបណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ បានបង្ហាញថា ជំងឺកូវីដ-១៩ អាចពន្លឿនការធ្លាក់ ចុះលទ្ធភាពមានកូននៅក្នុងប្រទេសមួយចំនួន រួមទាំងនៅក្នុងបណ្តា ប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក នៅ ពេលគូស្វាមីភរិយា ឆ្លើយតបទៅនឹងវិបត្តិ ដោយពន្យារពេលការមានផ្ទៃពោះ ឬផ្លាស់ប្តូរ ផែនការយកកូន។ ផ្ទុយ ទៅវិញ ទិន្នន័យនិងការធ្វើចំណោល ក៏បានបង្ហាញថា នៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមមួយចំនួន, ជំងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ការទទួលបានសេវាផែនការគ្រួសារ រួមទាំងការកើនឡើង ការមានផ្ទៃពោះដោយចៃដន្យ ក្នុងចំណោម ក្រុមងាយរងគ្រោះ ។ ជាក់ស្ដែង ការកើនឡើង នៃការមានផ្ទៃពោះ ដោយចៃដន្យ ត្រូវបានគេរកឃើញ មានក្នុងចំណោមក្មេងជំទង់ នៅប្រទេសកេនយ៉ា និងប្រទេសម៉ាឡាវី ៕

To Top