Covid-19

រាជរដ្ឋាភិបាល កំពុងគិតគូរចាក់វ៉ាក់សាំង ក្រោមអាយុ១៨ឆ្នាំ និងចាក់ដូសទី៣ ខណៈផែនការចាក់ ១០លាននាក់ នឹងបញ្ចប់ខែវិច្ឆិកា

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែគិតគូរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្រុមមនុស្សក្រោមអាយុ១៨ឆ្នាំ និងចាក់វ៉ាក់សាំងដូសទី៣ ខណៈរាជរដ្ឋាភិបាលក៏បានប្ដេជ្ញាបញ្ចប់ការចាក់វ៉ាក់សាំងគ្រប់គោលដៅ១០លាននាក់ នៅត្រឹមចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ។

ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោក ឱ វណ្ណឌីន បានឲ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ១០លាននាក់នឹងបិទបញ្ចប់ត្រឹមខែតុលា ឬវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីប្រជាពលរដ្ឋនាំគ្នាសម្រុកចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃ ។ ក្នុងការបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅភ្នំពេញនេះ បានចាក់ទៅលើពលរដ្ឋគ្រប់ការកំណត់ជាង ១,៧លាននាក់។

លោកស្រីថា តាមផែនការចាក់វ៉ាក់សាំងឲ្យបាន១០លាននាក់ គ្រោងបញ្ចប់ពាក់កណ្ដាល ឆ្នាំ២០២២ ខាងមុខ ប៉ុន្តែផែនការវ៉ាក់សាំងនេះបានរួចមុនការកំណត់រយៈពេល៨ខែ។ លោកស្រីបន្តថា ទោះបីប្រជាពលរដ្ឋចាក់វ៉ាក់សាំងរួចក៏ដោយ ក៏ត្រូវការពារខ្លួន ដោយអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ។

លោកស្រីបញ្ជាក់ថា «គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះដែលមានគណៈកម្មាធិការដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាត់កំពុងតែគិតដឹកនាំដើម្បីពិភាក្សាគ្នាបន្ដទៀត ក្នុងការគិតគូរទៅលើក្រុមមនុស្ស អាយុក្រោយ១៨ឆ្នាំចុះ ហើយទន្ទឹមនឹងនោះ យើងក៏គិតគូរ តើយើងគួរតែមានការចាក់នូវដូសទី៣ ឬយើងក៏ត្រូវការ ចាក់ដូសរំលឹកឡើងវិញ»។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីថា ព្រោះនៅប្រទេសខ្លះដែលមានលទ្ធភាពផលិតវ៉ាក់សាំងខ្លួនឯង ក៏បានគិតគូរដល់ការចាក់ដូសទី៣ដែរ។

បើតាមលោកស្រី ខេត្តចំនួន១៤ហើយ ដែលបានដាក់ដំណើការចាក់វ៉ាក់សាំង ហើយរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល បានដាក់គោលដៅថា ត្រឹមបំណាចខែនេះ នឹងដាក់ដំណើរការចាក់ឲ្យបានគ្រប់ខេត្ត។

ឆ្លើយតបទៅនឹងសំណួរថា តើនៅភ្នំពេញបានបញ្ចប់ការចាក់ឲ្យពលរដ្ឋគ្រប់ចំនួនហើយ តើអាចឈប់ពាក់ម៉ាស់បានទេ? លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ការចម្លងជំងឺនៅមាន ហើយមានសន្ទុះសកម្មក្នុងដំណាក់កាលនេះ ដូច្នេះបុគ្គលគ្រប់រូបត្រូវបន្តអនុវត្ត ៣ការពារ និង៣កុំ។ លោកស្រីថា ការអនុវត្តតាមវិធានការនេះនឹងកាត់បន្ថយអ្នកឆ្លង ប៉ុន្តែបច្ចុប្បន្នការអនុវត្តនៅតែខ្វះចន្លោះច្រើន។ នេះជាហានិភ័យដោយការមិនពាក់ម៉ាស់ ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសចំនួន ៤,៧០១,២៥៥នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៤៧.០១% ហើយ៕

To Top