ព័ត៌មានជាតិ

សម្តេចតេជោ ៖ អ្នកវិនិយោគបរទេស មកម្ពុជា ត្រូវការសន្តិភាព និងស្ថិរភាព(Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ក្រុមវិនិយោគិនបរទេស មក ដាក់ទុនវិនិយោគនៅកម្ពុជាគឺត្រូវការសន្តិភាព និងស្ថិរភាពជាអាទិភាពជាធំ ។ នេះបើតាម យោងតាមបណ្តាញហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។

ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីតាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នេះ ដោយពិនិត្យទៅលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា សម្តេចតេជោ បានថ្លែងថា ហេតុផលនៃ សំណើច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា ។

សម្តេចតេជោបន្តថា “ហើយកម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព ស្ថិរភាពដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជា ជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិ ប្រឈមក្នុងវិស័យនយោបាយ ពាណិជ្ជកម្មយ៉ាងណាក៏ដោយ” ។

សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ជាសេចក្តីព្រាងច្បាប់ថ្មីមួយដែលត្រូវបានផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥។ ក្នុងន័យនេះ ការងារសិក្សាស្រាវជ្រាវ និងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក. អ. ក)។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលសំដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា ៕

To Top