ភ្នំពេញ ៖ ក្រសួងបរិស្ថាន អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាជីវៈចម្រុះនានា និងកុំបេះប្រភេទផ្ការុក្ខជាតិព្រៃដែលកំពុងរងគ្រោះ ដើម្បីរក្សាពូជឲ្យគង់វង្ស និងថែរក្សាសោភ័ណភាពរមណីយដ្ឋាន។
ការលើកឡើងរបស់ ក្រសួងបរិស្ថាន ក្រោយពីសង្កេតឃើញថា នៅមានភ្ញៀវទេសចរមួយចំនួនតូច មិនទាន់គោរពត្រឹមត្រូវនូវវិធានអនាម័យបរិស្ថាន និងពេលខ្លះ បានបេះផ្កាមួយចំនួន ដូចជា ប្រភេទផ្កាបំពង់ក្រឡោមជាដើមដែលជាប្រភេទរុក្ខជាតិកំពុងរងគ្រោះបាត់បង់ពូជ ដើម្បីថតរូបបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួន។

នៅលើពិភពលោកផ្កាបំពង់ក្រឡោមនេះមាន១២៩ ប្រភេទ ក្នុងនោះ ប្រាំប្រភេទបាននិងកំពុងដុះលូតលាស់នៅកម្ពុជា រួមមាន ៖ ទី១-Nepenthes bokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិលវាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» , ទី២- Nepenthes holdenii ដុះនៅតាមតំបន់ភ្នំនៃភាគនិរតីកម្ពុជា ដូចជានៅតាមតំបន់ជួរភ្នំក្រវាញ , ទី៣- Nepenthes kampotiana Lecomte ដុះនៅខេត្តកំពត ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស និងនៅតាមតំបន់ជួរភ្នំក្រវាញ , ទី៤- Nepenthes mirabilis (Loureiro) Druce ដុះនៅខេត្តកំពត កែប និងខព្រះសីហនុ និងទី៥- Nepenthes smilesii Hemsley នៅដុះខេត្តកំពត និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ។ នេះបើតាមការបង្ហាញក្នុងគេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថា ប្រសិនបើស្រឡាញ់ និងសរសើរថា រុក្ខជាតិទាំងនេះស្អាត គួរថែរក្សាវានៅលើដើម ដើម្បីទុកឲ្យភ្ញៀវទេសចរផ្សេងទៀតបានឃើញសម្រាប់ដ៏ស្អាតនៃជីវៈចម្រុះទាំងនេះផង។

លោកអំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាអនាម័យបរិស្ថានដោយវេចខ្ចប់ និងទុកដាក់សំណល់រឹងសំរាម ឲ្យបានត្រឹមត្រូវ និងជាពិសេស ចូលរួមថែរក្សាជីវៈចម្រុះនានា ជាពិសេស គួរកុំបេះប្រភេទផ្ការុក្ខជាតិព្រៃដែលកំពុងរងគ្រោះជិតផុតពូជ ដើម្បីរក្សាពូជនិងសោភ័ណភាពរមណីយដ្ឋានឲ្យបានស្អាតសម្រាប់ ការទស្សនាកម្សាន្តរបស់ ភ្ញៀវទេសចរដទៃទៀតដែល ចូលចិត្តនិងស្រឡាញ់ធម្មជាតិ៕
