ព័ត៌មានជាតិ

កូវីដ១៩! អាជ្ញាធរខេត្តត្បូងឃ្មុំ សម្រេចបន្តបិទការ ចេញ-ចូល នៅទីតាំងក្នុង និងក្រៅបរិវេណ ផ្សារសួង ១៤ថ្ងៃទៀត

ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបន្តបិទការចេញ-ចូល ជាបណ្តោះអាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណផ្សារសួង រយៈពេល១៤ថ្ងៃទៀត ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។

ជាមួយគ្នានោះរដ្ឋបាលខេត្ត អំពាវនាវដោយទទូចដល់ បងប្អូនអាជីវករលក់ដូរក្នុង និងក្រៅផ្សារសួងទាំងអស់ ដែលមិនទាន់បានទៅយក សំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួន មេត្តារួសរាន់ ទៅយកសំណាក ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាន លិខិតបញ្ជាក់ពី ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសួង បញ្ជាក់ថាបងប្អូនអាជីវករ មិនមានឆ្លងជំងឺកូវីដ-១៩ (លទ្ធផលតេស្តអវិជ្ជមាន) ទុកបង្ហាញក្រុមការងារ ក្រុងត្រួតពិនិត្យ ទើបបងប្អូនអាច ចូលលក់ដូរបាន នៅពេលបើកដំណើរការ ផ្សារសួងឡើងវិញ។

ករណីបងប្អូនអាជីវករ ណាគេចវេស មិនព្រមទៅយកសំណាក ហើយគ្មានលិខិតបញ្ជាក់ ធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ នោះក្រុមការងារក្រុង នឹងផ្អាកជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យចូលលក់ដូរវិញទេ ដោយត្រូវបំពេញកាតព្វកិច្ច យកសំណាកជាមុនសិន ។

ក្រៅពីនេះ ក្រុងសួងកំពុងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គិតត្រឹមព្រឹក ថ្ងៃទី៩ កក្កដានេះ ប្រជាពលរដ្ឋបាន ទៅចាក់វ៉ាក់សាំងចំនួន ១៤.៩៣៩នាក់ ស្មើ ៥៩,៧៥% នៃផែនការ ២៥.០០០នាក់ សូមបងប្អូន អាជីវករ និងប្រជាពលរដ្ឋក្រុងសួង ដែលមិនទាន់បាន ទៅចាក់វ៉ាក់សាំង មេត្តារួសរាន់ទៅចាក់ឲ្យ បានឆាប់រហ័សទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាល ជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាកាត់ផ្តាច់ខ្សែចម្លង ក្នុងសហគមន៍យើងឲ្យបាន ។

ជោគវាសនាក្រុងសួងយើងអាចរលាយកូវីដ-១៩ ឬបន្តឆ្លងរាតត្បាត ពេញភូមិ គឺស្ថិតក្នុងកណ្តាប់ដៃបងប្អូន ប្រជាពលរដ្ឋហើយ សូមជួយខ្លួនឯង និងក្រុមគ្រួសារ កុំឲ្យឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍ដោយម៉ឺងម៉ាត់ នូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ទើបផ្សារយើងមាន ឱកាសវិលទៅរកស្ថានភាព ដើមវិញ “សូមមេត្តាចូលរួមទាំងអស់គ្នា ដោយផ្តើមចេញពីយើងម្នាក់ៗ ទើបអាចច្បាំងឈ្នះ សត្រូវឥតស្រមោលកូវីដ-១៩ ឲ្យផុតរលត់ពីភូមិឋានយើងបាន ៕

To Top