ព័ត៌មានជាតិ

អ្នកព្យាបាលជំងឺកូវីដ-១៩ តាមផ្ទះកើនឡើង ជិត១ពាន់នាក់ ខណៈអ្នកជាសះស្បើយ មានជាច្រើនរយនាក់ដែរ

ភ្នំពេញ ៖ អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ បានកើនឡើង ដល់ជិត១ពាន់នាក់ហើយ ក្រោមការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យនិង អាជ្ញាធរ ទៅតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត ឲ្យមានការព្យាបាល នៅតាមផ្ទះ ខណៈជំងឺនេះពីមួយថ្ងៃ ទៅមួយថ្ងៃមិនមាន ការថមថយសោះ ។

ជាមួយគ្នានេះ អ្នកព្យាបាលតាមផ្ទះ ក៏មានអ្នកជាសះស្បើយពីជំងឺនេះ ជាច្រើនរយនាក់ផងដែរ ។ នេះបើយោងតាមកិច្ចប្រជុំ Video Conference របស់លោក ឃួង ស្រេង អភិបាលរាធានីភ្នពេញ ជាមួយលោកស្នងការ នគរបាលរាជធានី លោកមេបញ្ជាការ កងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នាសាលារាជធានីភ្នំពេញ ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គិតមកដល់ម៉ោងនេះ អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះមានចំនួន៩១៥នាក់ ហើយក្នុងចំនួននេះមានអ្នកជាសះស្បើយ ចំនួន២៦៨នាក់ និងអ្នកកំពុងព្យាបាល ចំនួន៦៤៧នាក់ ។

លោកបញ្ជាក់ថា ការកើនឡើង ចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះនៅប៉ុន្មានថ្ងៃនេះ ក្រោយពីមានការលើកទឹកចិត្ត ឲ្យព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះពីសំណាក់អាជ្ញាធរ ។

លោកបន្តថា ចំពោះអ្នកជំងឺដែលកំពុងព្យាបាល នៅតាមមណ្ឌល ពួកគាត់អាចសុំការអនុញ្ញាត ប្តូរទៅព្យាបាលនៅតាមផ្ទះវិញបាន តែត្រូវមានកិច្ចសន្យាមួយ ជាមួយក្រុមការងារ ដោយភ្ជាប់ លក្ខខណ្ឌច្បាប់មួយចំនួន ហើយមន្រ្តីក្រសួងជាអ្នករាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រង មើលខុសត្រូវពួកគាត់។

លោក ឃួង ស្រេង បានឲ្យដឹងថា ពលរដ្ឋ ក្រោយការពិនិត្យធ្វើតេស្ត ទៅឃើញវិជ្ជមានកូវីដ-១៩ ក្នុងនាមជាអាជ្ញាធរ និងក្រុមគ្រូពេទ្យ ត្រូវសួរនាំពួកគាត់ថា តើមានលទ្ធភាព ទៅព្យាបាលនៅតាមផ្ទះទេ? បើមានត្រូវជូនពួកគាត់ មកផ្ទះខ្លាចពួកគាត់ទៅណា ផ្តេសផ្តាសមុនចូលផ្ទះ ។ នៅផ្ទះទៀតសោធន៍ ទោះបីផ្ទះនោះ ជាផ្ទះអ្នកណាក៏ដោយត្រូវតែដាក់ស្លាកសញ្ញា (ឡាហ្គោ ) ដែលចេញដោយសាលារាជធានីភ្នំពេញ ដើម្បីឲ្យពលរដ្ឋផ្សេងទៀត បានដឹង និងប្រយ័ត្នខ្លួន ។ ចំពោះសំរាម នៅផ្ទះអ្នកព្យាបាលជំងឺកូវីដ-១៩ មិនអនុញ្ញាត ឲ្យយកចេញរាល់ថ្ងៃទេ គឺត្រូវទុករយៈពេល៧២ម៉ោង ទើបអាចយកចេញក្រៅម្តង ព្រោះខ្លាចរីករាលដាលជំងឺកូវីដ-១៩ ។

លោក ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរ ខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់ ការងារព្យាបាល នៅតាមផ្ទះ ដោយសារអាយុជីវិត និងជោគវាសនាអ្នកទាំងនោះ ត្រូវការពឹងពាក់មកលើអាជ្ញាធរ៕

To Top