ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ឱ្យអាជ្ញាកណ្តាល កីឡាប្រដាល់ ត្រូវមានយុត្តិធម៌ ក្នុងខ្លួន បន្ទាប់ពីមិនហ៊ាន សម្រេចក្តី រឿងកីឡាករវាយខុស លក្ខន្តិកៈ

ភ្នំពេញ៖ ក្នុងនាមជាអ្នក ស្រឡាញ់វិស័យកីឡា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខនិយាយចំៗ ជុំវិញគណៈកម្មការការប្រកួត ដែលមិនបានសម្រេចការឈ្នះ និងចាញ់ ចំពោះការប្រកួតផ្តាច់ព្រ័ត្រ រវាងកីឡាករប្រដាល់ ឃឹម បូរ៉ា និង ម៉ឺន មេឃា ដែលបានធ្វើខុសលក្ខន្តិកៈ។  ជុំវិញករណីនេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានជំរុញឱ្យអាជ្ញាកណ្តាលកីឡាប្រដាល់ ត្រូវមានយុត្តិធម៌ក្នុងខ្លួន។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា «ដោយអត់ទ្រាំមិនបានខ្ញុំសូម ចេញមកនិយាយ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹង អាជ្ញាកណ្តាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុណថ្មី ដោយកំណត់លក្ខណ្ឌប្រកួតថ្មី ដោយវាយខុសក្បួន ហើយមិនព្រមប្រកាសលទ្ធផល និងលើកពេលទៅប្រកួត នៅពេលក្រោយ។ តើឱ្យកីឡាប្រដាល់យើង ឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់ យើងទុក ឱកាសឱ្យអាជ្ញាកណ្តាល ធ្វើបែបនេះ?​ តើមានក្បួនមកពីណាវាយខុសក្បួនខ្នាត ហើយសម្រេចលើកពេល ទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់ បើទាត់ខុសត្រូវ ពិន័យកាតលឿង ឬកាតក្រហមដោយ ដេញចេញឬពិន័យបាល់១១ ម៉ែត្រភ្លាមៗ ដោយមិនទុកពេលឱ្យតវ៉ានោះទេ»។

សម្ដេចបញ្ជាក់ថា «មិនបន្ទោសកីឡាករទេ ព្រោះពួកគាត់ស្តាប់​តាមការកាត់ក្តី របស់អាជ្ញាកណ្តាល។ អ្វីដែលខ្ញុំសុំ គឺអាជ្ញាកណ្តាល ត្រូវតែមានយុត្តិធម៌ក្នុងខ្លួន»។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១មួយ មានការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោលជល់កំពូលជើងឯង» នៅសង្វៀន CBS រវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា។

ការប្រកួតដល់ទឹកទី៣ កីឡាករ ម៉ឺន មេឃា បានចាប់បោកកីឡករ ឃឹម បូរ៉ា ឱ្យសន្លប់ស្តូកស្តឹងលើសង្វៀន ដែលខុសនឹងលក្ខន្តិកៈនៃការប្រកួត។ ភ្លាមៗនោះ គណៈកម្មការនៃការប្រកួត បានសម្រេចលើកពេលប្រកួត ទៅពីរសប្តាហ៍ក្រោយ ដោយមិនសម្រេចឱ្យ ម៉ឺន មេឃា ចាញ់ការប្រកួតនោះឡើយ។

ការប្រកួតនេះ អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ប្រមាណ ៥ពាន់ដុល្លារ៕

To Top